ភ្នំពេញ៖ ឆ្លងកាត់កិច្ចប្រជុំចរចារប្រាក់ឈ្នួលអប្បបរមាវិស័យកាត់ដេរលើកទី៤ នៅថ្ងៃទី១១ ខែកញ្ញានេះ ភាគីនិយោជក បានកំណត់តួលេខចំនួន ២០១,៥០ដុល្លារ ខណៈភាគីសហជីព រក្សាគោលជំហរដដែលចំនួន ២១៥ដុល្លារ។ ដូច្នេះការចរចារត្រូវបន្តជាលើកទី៥នៅថ្ងៃទី១៨ ខែកញ្ញានេះទៀត។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូន ដំណឹងដល់សាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ ឱ្យបានជ្រាបថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួនចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ១២ និង៤៥នាទីរសៀល ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែក ជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៤។
គិតត្រឹមថ្ងៃនេះកិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួល អប្បបរមាសរុបមានចំនួន១៥លើក ដែលរួមមានកិច្ចមប្រជុំជាលក្ខណៈទ្វេភាគី និងត្រីភាគីចំនួន៩លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន៦លើក។ ក្នុងនោះនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ មានកិច្ច ពិភាក្សាចំនួន៥លើកផ្សេងគ្នា ដោយមានកិច្ចប្រជុំផ្ទៃក្នុងភាគីនីមួយៗចំនួន៣លើក និងកិច្ចប្រជុំត្រីភាគីចំនួន ២លើក។ ភាគីទាំងពីរបានបន្តពន្យល់គ្នាទៅវិញទៅមកលើគោលជំហររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ ហើយជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាលបានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែម ពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។
ជាលទ្ធផល តំណាងភាគីកម្មករនិយោជិតបានបន្តរក្សាតួលេខចំនួន២១៥ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជកបានបន្តរក្សាតួលេខ២០១ដុល្លារអាម៉េរិក។
អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀតនៅម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ និងខិតខំបញ្ចប់កិច្ចប្រជុំចរចារប្រាក់ឈ្នួលអប្បបរមា នៅត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣៕