ភ្នំពេញ ៖ ឥឡូវនេះ អ្នកប្រកបរបរផ្ទាល់ខ្លួន ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បានដែរ ដោយចំណាយត្រឹមតែ ១៥ ៦០០រៀលប៉ុណ្ណោះ ក្នុង១ខែ ហើយលោកអ្នក នឹងទទួលបានការថែទាំសុខភាពពេញ ២៤ម៉ោង លើ២៤ម៉ោង នៅគ្រប់មន្ទីរពេទ្យ ដែលជាដៃគូ ប.ស.ស. ទូទាំងប្រទេស រួមទាំងប្រាក់បំណាច់មាតុភាពផងដែរ។
ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. លោកអ្នកត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖
១,មានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល
២,ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក
៣,ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស.
៤,សាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង៕ដោយ ៖ ភារ៉ា ដង្កោ