ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកLAND ROVER DEFEBDER បុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យខ្ទាតមួយកង់ចេញមកផ្លូវម្ខាងទៀត ចំណែកមួយកង់ទៀតខ្ទាតចេញពីជួរ រីឯរថយន្តមិនទាន់អស់ល្បឿនទៅមុខប្រមាណជិត១០០ម៉ែត្រទាំងដាច់កង់មុខខាងឆ្វេង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុបត្រឡែកបែក តាមបណ្តោយផ្លូវ លេខ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកLAND ROVER DEFEBDER ពណ៌ប្រផេះ ពាក់ស្លាកលេខកម្ពុជា M-H-7722 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩៨ ពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យខូចខាតចំនួនពីរកង់ ក្នុងនោះមួយកង់បានខ្ទាតមកគន្លងផ្លូវម្ខាងទៀត ឯមួយកង់ទៀតបានវៀចចេញពីជួរ ចំណែករថយន្តមិនទាន់អស់ល្បឿនបានបន្តទៅមុខជិត១០០ ម៉ែត្រទាំងដាច់កង់មុខខាងឆ្វេងខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញភ្លាមៗ ចំណែកអ្នកបើករថយន្តត្រូវបានមិត្តភក្កិយកថយន្តស៊េរីទំនើបមួយគ្រឿងទៀតមកដឹកចេញពីកន្លែងកើតហេតុបាត់ទៅ រីឯរថយន្តសមត្ថកិច្ចជំនាញធ្វើការវាស់វែងនិងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ ដោយ៖សុខាសែនជ័យ