ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឱ្យបុរសពីរនាក់រងរបួស ហើយព្យាយាមបើករថយន្តរត់គេចជ្រុលទៅធ្លាក់ជង្ហុកកល់ជាប់ទៅមុខលែងរួចក៏បើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើងក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1A-9183 ជិះឌុបគ្នាពីរនាក់ ធ្វើដំណើរតាមបណ្តោយផ្លូវរថភ្លើងក្នុងទិសដៅពីកើតទៅលិច ខណៈជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 2BF-5495 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយ ស្របទិសគ្នាពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន បានមកបុកពីក្រោយម៉ូតូពេញទំហឹងបណ្តាលឱ្យដួលខ្ទាតជនរងគ្រោះទៅចិញ្ចើមផ្លូវ ហើយរថយន្តបង្កមិនព្រមឈប់ដោះស្រាយទេ បានព្យាមយាមបើករត់ដោយបួងចង្កូតបត់ត្រឡប់ក្រោយចូលទៅតាមផ្លូវលំមួយខ្សែបណ្តាលឱ្យជ្រុលធ្លាក់ជង្ហុកកល់ជាប់បើកទៅមុខលែងរួច ភ្លាមនោះដែរម្ចាស់រថយន្តបង្កបានទុករថយន្តចោល បើកទ្វារចុះគេចខ្លួនបាត់ស្រមោល។ ចំណែកបុរសរងគ្រោះជា
អ្នកជិះម៉ូតូ២នាក់គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងធ្វើកំណត់ហេតុយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំឱ្យភាគីទាំងសងខាងមកដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖ ជ្រោយពេជ្រ