ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ យកជំពាមកៅស៊ូ បាញ់ ទៅលើកុមារីម្នាក់ចំផ្ទៃមុខ ខណៈរូបនាងកំពុងលេងជាមួយក្មេងៗដទៃទៀត ។
ហេតុការណ៍បង្កអោយការភ្ញាក់ផ្អើលនាវេលាម៉ោង ០៦ល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបេតុង ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនបង្កមានឈ្មោះ ង្វៀង យុំាងងី មានអាយុ ៦៣ឆ្នាំ មុខរបរនៅផ្ទះ ជាជនជាតិវៀតណាម ស្នាក់នៅកន្លែងកើតហេតុ ។
ចំណែកកុមារីរងគ្រោះ មានអាយុទើបតែ ៨ឆ្នាំតែប៉ុណ្ណោះ ។
បើតាមប្រភពព័ត៌មានពីសាច់ញាត្តិរបស់កុមារីរងគ្រោះបានបញ្ជាក់អោយដឹងថា នាពេលកន្លងទៅ ប្រមាណ៥-៦ខែមុន កូនស្រីរបស់គាត់បានធ្លាប់លេងជាមួយចៅរបស់ លោកតាខាងលើ ហើយក៏មានការឈ្លោះគ្នាតែមិនមានបង្កអោយរបួសស្នាមអ្វីឡើយ ។ គាត់បានបន្ថែមទៀតថា លុះមកដល់ថ្ងៃកើតហេតុ កូនស្រីរបស់គាត់បាន ជិះកង់ស្គីជាមួយក្មេងៗ ជាធម្មតា និងបានជិះកាត់ខាងមុខផ្ទះរបស់ ជនបង្កទើបធ្វើអោយជនបង្ក មានការគុំគួននិងរឿង ពេលកន្លងទៅផង ទើបយកជំពាមកៅស៊ូ នឹងដាក់គ្រាប់ដែក ធ្វើសកម្មភាពបាញ់ទៅលើ ក្មេងស្រីរងគ្រោះ ចំនួន០៤លើក ទើបបាញ់ចំផ្ទៃមុខក្មេងស្រី សំណាងល្អត្រូវខាងក្រោមភ្នែក ។
នេះចេះត្រូវខាងក្រោម ភ្នែកប្រសិនបើត្រូវភ្នែក ក្មេងស្រីម្នាក់នេះនិងទៅជាយ៉ាងណា ?
ក្រោយកើតហេតុ អាណាព្យាបាលរបស់កុមារីខាងលើ បានរាយការណ៍ និងដាក់ពាក្យបណ្តឹងទៅកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។
បច្ចុប្បន្ន បុរសចំណាស់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ៖ រ៉ារ៉ា