UNICEF៖ មានកុមារជាង៣៣០លាននាក់រស់ក្រោមបន្ទាត់ក្រីក្រ កង្វះអាហារូបត្ថម្ភ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា របាយការណ៍ដែលចេញផ្សាយនាថ្ងៃពុធនេះបានបង្ហាញថា វិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩ បានបង្កឱ្យអន់ថយជាគំហុកនូវកិច្ចប្រឹងប្រែងដើម្បីលុបបំបាត់ភាពក្រីក្ររបស់កុមារ ដោយមកទល់ពេលនេះនៅមានក្មេងៗរហូតដល់៣៣៣លាននាក់ ដែលកំពុងរស់នៅក្រោមស្ថានភាពទីទាល់ក្រខ្លាំងបំផុត។

របាយការណ៍ពីអង្គការមូលនិធិកុមារនៃអង្គការសហប្រជាជាតិ ហៅកាត់ យូនីសេហ្វ (UNICEF) និងធនាគារពិភពលោក បានរកឃើញថា វិបត្តិកូវីដ-១៩ បានធ្វើឱ្យកិច្ចប្រឹងប្រែងលុបបំបាត់ភាពទីទាល់ក្រខ្លាំងបំផុតរបស់កុមារសម្រេចបានចំនួនទាបជាងការព្យាករពីមុនមកដល់ទៅ ៣០លាននាក់។ ជាលទ្ធផលគិតត្រឹមពេលនេះ នៅមានកុមារប្រមាណ៣៣៣លាននាក់ ដែលកំពុងស្ថិតនៅក្រោមភាពទីទាល់ក្រខ្លាំងបំផុត។
ភាពទីទាល់ក្រខ្លាំងបំផុតសំដៅលើស្ថានភាពនៃការខ្វះខាតខ្លាំងធ្ងន់ធ្ងរនូវតម្រូវការមូលដ្ឋានរបស់មនុស្ស រួមមានស្បៀងអាហារ ទឹកបរិភោគដែលមានសុវត្ថិភាព អនាម័យ ការថែទាំសុខភាព កន្លែងជ្រកកោន ការអប់រំ និងព័ត៌មានជាដើម ហើយមានចំណូលទាបជាង២.១៥ដុល្លារក្នុងមួយថ្ងៃ។ របាយការណ៍ខាងលើឆ្លុះបញ្ចាំងឱ្យឃើញផងដែរអំពីឧបសគ្គនៅក្នុងគោលដៅពោរពេញដោយមហិច្ឆតា របស់អង្គការសហប្រជាជាតិដែលចង់លុបបំបាត់ឱ្យបានទាំងស្រុងនូវភាពទីទាល់ក្រខ្លាំងបំផុតរបស់កុមារ នៅត្រឹមឆ្នាំ២០៣០។
បើតាមរបាយការណ៍ដដែល ៤០ភាគរយនៃកុមារនៅតំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ានៃទ្វីបអាហ្រ្វិក គឺកំពុងរស់នៅក្រោមភាពទីទាល់ក្រខ្លាំងបំផុត ដែលជាអត្រាខ្ពស់ជាងតំបន់ណាៗទាំងអស់លើពិភពលោក។ ធនាគារពិភពលោក និងអង្គការ UNICEF បានអំពាវនាវឱ្យប្រទេសទាំងអស់ផ្តោតអាទិភាពលើកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាភាពក្រីក្ររបស់កុមារ ហើយដាក់ចេញចំណាត់ការផ្សេងៗដើម្បីសម្រេចគោលដៅនោះ រួមមានទាំងការពង្រីកកម្មវិធីផ្តល់អត្ថប្រយោជន៍ដល់កុមារ៕ ដោយធីរីណា

...

រូប​ថត​: TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print