សារព័ត៌មាន រ៉យទ័រ បានផ្សាយថា គណកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី MACC បានប្រកាសថា បានចាប់ខ្លួនលោក Lim Guan Eng មេដឹកនាំគណបក្សកាលពីថ្ងៃទី២៩ ខែមិថុនា ដោយសារតែលោកបានប្រើប្រាស់តួនាទីរបស់ខ្លួនដើម្បីប្រព្រឹត្តអំពើពុករលួយ។
លោក Lim Guan Eng បានចាប់ខ្លួននៅក្នុងការិយាល័យរបស់លោកក្នុងរដ្ឋ Penang ។ លោកក៏ជាអភិបាលរដ្ឋPenang និងជាអគ្គលេខាធិការបក្ស សកម្មភាពដើម្បីប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំង។
ទោសកំហុសពិតប្រាកដរបស់លោក Lim Guan Eng មិនទាន់បាន MACC ប្រកាសឲ្យដឹងនៅឡើយ។ ប៉ុន្តែ ការស្រាវជ្រាវពីសកម្មភាពពុករលួយរបស់លោកត្រូវបានធ្វើឡើងតាំងពីខែមីនា ឆ្នាំ២០១៦ មកម៉្លោះ។ លោកទទួលរងការចោទប្រកាន់ថា បានប្រើប្រាស់តួនាទីរបស់ខ្លួនក្នុងការទិញផ្ទះមានកម្ពស់ពីរជាន់នៅ Penang ក្នុងតម្លៃទាបជាងតម្លៃទីផ្សាកាលពីខែកក្កដា ឆ្នាំ២០១៥។
ពាក់ព័ន្ធនិងការចាប់ខ្លួនលោក Lim Guan Eng សារព័ត៌មាន AP បានផ្សាយថា ឪពុករបស់លោកគឺលោក Lim Kit Siang កាលពីថ្ងៃទី៣០ ខែមិថុនា ឲ្យដឹងថា Lim Quan Eng ត្រូវបានចោទប្រកាន់ទោសពីការប្រើប្រាស់អំណាចក្នុងការទិញផ្ទះបន្តាប់ពីបានចុះហត្ថលេខាប្តូរដីពីកសិកម្មទៅជាដីឧស្សាហកម្មសម្រាប់លក់ឲ្យក្រុមហ៊ុនអចលនទ្រព្យ។
សារព័ត៌មាន AP បានផ្សាយថា លោក Lim Guan Eng ធ្លាប់រិះគន់យ៉ាងខ្លាំងដល់ការចាយប្រាក់ខ្ចះខ្ចាយរបស់រដ្ឋាភិបាលដែលដឹកនាំដោយលោក Najib Razak ប៉ុន្តែរូបលោកបែជាជាប់ពាក់ព័ន្ធនិងអំពើពុករលួយទៅវិញ។ ការដែលលោកត្រូវបានចាប់ខ្លួនគឺជារឿងមិនល្អឡើយសម្រាប់គណបក្សប្រឆាំងអាចធ្វើឲ្យគណបក្សនេះចុះខ្សោយ៕
ប្រែសម្រួល៖ ម៉ែវ សាធី