ខេត្តកណ្តាល៖ កម្លាំងនគរបាលក្រុងតាខ្មៅ និងចរាចរណ៍ខណ្ឌមានជ័យស្ទាក់ចាប់រថយន្តឡិចស៊ីស៤៧០ដែលបុកម៉ូតូសង់សេ125 អូសជាង១គីឡូម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ស្លាប់ កាលពីវេលាម៉ោង២ និង៣០នាទី រំលងអធ្រាត្រចូលថ្ងៃទី២ ខែកក្តដា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ហេង វឌ្ឍនា ភេទប្រុស អាយុ២១ មុខរបរជំនួយការការវាស់វែង នៅបុរីប៉េង ហួត មានទីលំនៅភូមិចន្លោះខាងកើត ឃុំគៀនជរ័លាំង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថាៈ នៅវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BB-8356 បើកបរក្នុងល្បឿនយឺត ពីទិសដៅភ្នំពេញ ទៅក្រុងតាខ្មៅ ស្រាប់តែដល់កន្លែងកើតហេតុ មានរថយន្តឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A-9990 បើកបរក្នុងល្បឿនលឿនពីភ្នំពេញមកក្រុងតាខ្មៅក្នុងទិសដៅស្របគ្នាបានបុកចំពីក្រោយម៉ូតូ អូសជិតជាង១គីឡូម៉ែត្រ រហូតដល់ភូមិដើមគរ សង្កាត់ដើមមាន ក្រុងតាខ្មៅ ទើបម្ចាស់រថយន្ត បើកទ្វាររត់គេចខ្លួនបាត់ស្រមោល។
ភ្លាមៗនោះត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ និងចរាចរណ៍ខណ្ឌមានជ័យចុះមកកន្លែងហេតុការណ៍ដើម្បីធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុកនៅការិយាល័យក្រុងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សុខ ខេមរា