ខ្លឹមសារនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លាវ នីង (Liu Ning) លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី

ចែករំលែក៖

ប្រទេសចិន : នារសៀល ថ្ងៃសៅរ៍ ២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣, ទីក្រុងណានឹង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋ ប្រជាមានិតចិន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក លាវ នឹង (liu Ning) លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និង គណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ជាកិច្ចចាប់ផ្តើម, សម្តេចធិបតី បានស្វាគមន៍ចំពោះ លោក លាវ និង លេខាធិការបក្សតំបន់ ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ដែលបានចូលជួប សម្តែងការគួរសម ។ បន្ទាប់ពីបានសម្តែងនូវការអបអរសាទរចំពោះតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០, សម្ដេចធិបតី បានអរគុណចំពោះការ ទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ ប្រកបដោយភាតរភាព ពីសំណាក់ថ្នាក់ដឹកនាំ និង ប្រជាជន នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ចំពោះវត្តមានរបស់ សម្ដេចធិបតី និងគណៈប្រតិភូកម្ពុជា ។

លោកលេខាធិការបក្ស បានសម្តែងនូវអំណរគុណចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យ លោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានអបអរសាទរចំពោះ សម្ដេចធិបតី ដែលត្រូវ បានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ។ លោក បានគូសបញ្ជាក់បន្ថែមថា តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពិតជាមានមោទនភាព និង កិត្តិយសដ៏ឧត្តុង្គឧត្តម ដែលបានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់ សម្តេចធិបតី និងគណៈប្រតិភូ ។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះ សម្ដេចធិបតី ដែលបានជ្រើសរើស យកប្រទេសចិន ប្រទេសទី១ សម្រាប់បំពេញទស្សនកិច្ចផ្លូវការ ក្រោយពីសម្ដេចធិបតី ចូលកាន់ តំណែងជានាយករដ្ឋមន្ត្រី ។

បន្ទាប់មក, លោក លេខាធិការបក្ស បានគោរពរាយការណ៍ជូន សម្តេចធិបតី អំពីសក្តានុពល ឧត្ដមភាព និងភាពខ្លាំងនៃតំបន់ស្វយ័តជនជាតិជាំងម្ខាងស៊ី ព្រមទាំងអំពីកិច្ចសហប្រតិបត្តិការដែល តំបន់ស្វយ័តមាន ជាមួយប្រទេសកម្ពុជា និងកំពុងស្វែងរកលទ្ធភាពបន្ថែមផ្សេងទៀត ។ គិតមកត្រឹម ពេលនេះ, តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី មានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយប្រទេសកម្ពុជា នៅក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម សុខាភិបាល បច្ចេកវិទ្យា ការអប់រំ កីឡា និងការបណ្តុះបណ្តាល ធនធានមនុស្ស ។

ជាការឆ្លើយតប, សម្ដេចធិបតី បានសម្តែងនូវអំណរគុណចំពោះការអបអរសាទរ និងចំពោះការ រាយការណ៍ និងអំពីកិច្ចសហប្រតិបត្តិការដែលតំបន់ស្វយ័ត មានជាមួយប្រទេសកម្ពុជា ។ សម្តេចធិបតី ក៏ បានវាយតម្លៃខ្ពស់ ចំពោះការរីកលូតលាស់ និងការវិវឌ្ឍសេដ្ឋកិច្ចរបស់តំបន់ស្វយ័ត ដែលប្រៀបបីដូចជា ចលករសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសចិន ។

ឆ្លៀតក្នុងឱកាសនេះ, សម្ដេចធិបតី ក៏បានជម្រាបជូនឯកឧត្ដមលេខាធិការបក្ស និងគណៈប្រតិភូ អំពីដំណើរទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យរបស់ សម្តេចធិបតី នៅរដ្ឋធានីប៉េកាំង ដែល សម្តេចធិបតី បានចូលជួបសម្ដែងការគួរសមជាមួយ លោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping), លោកប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស ចា ឡឺជី (Zhao Liji) និង លោកនាយករដ្ឋមន្ត្រី លី ឈាង (Li Qiang) ។ ដំណើរទស្សនកិច្ចផ្លូវការនេះ បានជួយជំរុញឱ្យទំនាក់ទំនង និងកិច្ចសហ- ប្រតិបត្តិការកម្ពុជា-ចិន កាន់តែរីកលូតលាស់ និងរឹងមាំ ថែមមួយកម្រិតទៀត ។

ក្នុងទិសដៅបម្រើផលប្រយោជន៍ឱ្យប្រជាជាតិទាំងពីរកាន់តែប្រសើរឡើង, សម្ដេចធិបតី បាន ស្នើឱ្យតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេស ពង្រឹង និង ពង្រីកបន្ថែម លើផ្នែកពាណិជ្ជកម្ម ការវិនិយោគ ការផ្ដល់ការគាំទ្រដល់ផលិតផលកសិកម្ម កម្ពុជា ការផ្តល់សេវាថែទាំសុខភាពសាធារណៈ ការជំរុញអភិវឌ្ឍវិស័យទេសចរណ៍ ការពង្រីកការ បណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំ និងកីឡា ព្រមទាំងការបង្កើនជើងហោះហើរត្រង់រវាងតំបន់ស្វយ័តជន ជាតិជាំងក្វាងស៊ី និង ប្រទេសកម្ពុជា ។ ជាមួយគ្នានេះ, សម្តេចធិបតី ក៏ស្នើឱ្យ លោកលេខាធិការបក្ស ពិនិត្យលទ្ធភាពពន្លឿនដំណើរការនៃការរៀបចំនីតិវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា នៃកិច្ចសហ ប្រតិបត្តិការរួមគ្នា ស្តីពីការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន (Cambodia-China Industral Parks) ដែលនឹងផ្តោតការយកចិត្តទុកដាក់លើសេដ្ឋកិច្ចឌីជីថល (digital economy) និងកសិកម្ម វៃឆ្លាត (smart agriculture)។

មុននឹងឆ្លើយតបចំពោះការស្នើរបស់ សម្តេចធិបតី, លោកលេខាធិការបក្ស បានអរគុណ ចំពោះ សម្តេចធិបតី ដែលបានជូនពរឱ្យការរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០ ប្រកបដោយ ជោគជ័យ និងបានគោរពជម្រាបជូន សម្តេចធិបតី អំពីការពិនិត្យលទ្ធភាពបង្កើនជើងហោះហើរត្រង់ពី តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទៅកាន់ប្រទេសកម្ពុជា ដោយឯកឧត្តមនឹងចាប់ផ្តើមពិភាក្សាការងារ ជាមួយភាគីពាក់ព័ន្ធទាំងនៅចិន និងទាំងនៅកម្ពុជា ។

ជាកិច្ចបញ្ចប់, សម្ដេចធិបតី បានជូនពរជាថ្មីឱ្យតំបន់ស្វយ័តជនជាតិទាំងក្វាងស៊ី ទទួលបាន ជោគជ័យត្រចះត្រចង់ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០ ។ លោក លេខាធិការបក្ស ក៏បានអរគុណ និងបានជូនពរឱ្យ សម្តេចធិបតី និងគណៈប្រតិភូកម្ពុជា បំពេញ ទស្សនកិច្ចនៅប្រទេសចិន ប្រកបដោយជោគជ័យ និងបានជូនពរឱ្យការធ្វើដំណើរមាតុភូមិនិវត្តន៍ ប្រកបដោយសុខសុវត្ថិភាព ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print