ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រីនឹងត្រូវបើកធ្វើជាលើកទី២នាព្រឹកថ្ងៃពុធទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាការបញ្ជាក់ពីលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ៖ កិច្ចប្រជុំនេះនឹងពិភាក្សាឆ្លងរបៀបវារៈមួយចំនួនដូចខាងក្រោម៖
ទី១៖ របាយការណ៍វឌ្ឍនភាពនៃការរៀបចំយន្តការអនុវត្តគោលនយោបាយអាទិភាពចំនួន ៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ សម្រាប់ប្រកាសចាប់ផ្តើមអនុវត្តមុនដំណាច់ឆ្នាំ ២០២៣។
ទី២៖ សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣- ២០២៨ ។
ទី៣៖ របាយការណ៍ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជានិងទិសដៅគោលនយោបាយសំខាន់ៗ។
ទី៤៖ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ទី៥៖ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។
ទី៦៖ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ។
ទី៧៖ បញ្ហាផ្សេងៗ ៕
ដោយ ៖ សិលា