ភ្នំពេញ : ក្រសួងសុខាភិបាលបានបញ្ជាក់ថា , ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប ដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធនៃអ្នកមានគុណ និងញាតិសន្តានទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់បរលោក។ ពេលវេលានេះ ក៏ជាឱកាសសម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត ឬធ្វើ ដំណើរកំសាន្តក្នុងក្រុមគ្រួសារ។ ឆ្នាំនេះ ពីធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ០១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។
ដើម្បីធ្វើឱ្យពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រព្រឹត្តទៅប្រកបដោយសុខុមាលភាព ក្រសួងសុខាភិបាល សូមអំពាវនាវ និង ធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង អនុវត្តនូវវិធានការនានាដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ពីការចម្លងជំងឺផ្សេងៗ រួមទាំងការបង្ការ សុខភាពបណ្តាលមកពីការពុលចំណីអាហារ ពុលស្រា និងសុវត្ថិភាពពេលធ្វើដំណើរ និងការបង្ការការចម្លងជំងឺផ្លូវដង្ហើម ជំងឺ ផ្តាសាយ និងជំងឺកូវីដ-១៩ ដូចខាងក្រោម៖
១- បង្ការហានិភ័យនៃការពុលចំណីអាហារ និងពុល ស្រា ស៖
-ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យ និងចំណីអាហារដែលមានសុវត្ថិភាពល្អ ដោយត្រូវលាងសម្អាតដៃ មុនចាប់កាន់ចំណីអាហារ និងលាងឱ្យបានញឹកញាប់
-សម្អាតសម្ភារៈប្រើប្រាស់ សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ
-ទុកដាក់អាហារឆៅ និងឆ្អិន ឱ្យនៅដាច់ដោយឡែកពីគ្នា
-ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ។ នៅពេលលោកអ្នកទិញ ម្ហូបអាហារដែលឆ្អិនស្រាប់ នៅតាមទីផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថាអាហារទាំងនោះមានអនាម័យ និងមាន សុវត្ថិភាព
-ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមដែលល្អ ហើយមិនត្រូវប្រើប្រាស់សារធាតុគីមីបន្ថែម កុំប្រើប្រាស់ចំណីអាហារហួសការកំណត់ប្រើប្រាស់
-ដាច់ខាតមិនត្រូវទិញ ឬផលិត ឬបរិភោគស្រាប់ ដែលមិនមានប្រភពផលិតច្បាស់លាស់ ហើយដែលមិន គោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ឬយកមេតាណុលមកលាយធ្វើជាស្រា ស ដែលបង្កឱ្យមានការពុល រហូតដល់ស្លាប់បាត់បង់អាយុជីវិត។
២- រក្សាសុវត្ថិភាពពេលធ្វើដំណើរ ជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាព ចៀសវាងមធ្យោបាយធ្វើដំណើរ ដែលមានផ្ទុកមនុស្សច្រើន ហួសហេតុប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍រាល់ពេលបើកបរ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានជាយថា ហេតុដោយសារតែការបើកបរលឿនពេក ឬបើកបរមិនមានសុវត្ថិភាព ឬមិនគោរពច្បាប់ ព្រមទាំងចៀសវាង ការសេពគ្រឿងស្រវឹងនៅពេលបើកបរ និងដាច់ខាតមិនត្រូវសេពគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព ធ្ងន់ធ្ងរ និងអាចឈានទៅរកសេចក្ដីស្លាប់។
៣- បង្ការការចម្លងជំងឺផ្លូវដង្ហើម ជំងឺផ្ដាសាយ ជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ៖
សូមជ្រើសរើសនូវការជួបជុំគ្រួសារ សាច់ញាតិ ឬមិត្តភក្តិ ដោយប្រកាន់យកនូវការប្រុងប្រយ័ត្នខ្ពស់ ពីកត្តា
ហានិភ័យក្នុងការចម្លងវីរុសកូវីដ-១៩ ឬមេរោគផ្សេងៗ ត្រូវចៀសវាងការក្អក ឬកណ្ដាស់ ដោយមិនមានការពារដល់អ្នកដទៃ ដោយត្រូវខ្ទប់មាត់ ពាក់ម៉ាស់ ឬបើ្រ
៊៊កន្សែងដៃ ឬប្រើផ្នត់កែងដៃ និងមិនត្រូវខាកស្តោះ ឬបន្ទោរបង់ពាសវាលពាសកាល
-ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត បន្ទាប់ពីការប៉ះពាល់សត្វ បោចសំអាតសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ
-ចៀសវាងប្រជ្រៀតគ្នា នៅពេលទិញម្ហូបអាហារ ទិញសាច់ ឬបក្សីរស់ ឬសម្ភារៈនានា ជាពិសេស ត្រូវត្រៀម លក្ខណៈទុកជាមុនពីចម្ងាយ ចៀសវាងការកកស្ទះ ឬការកកកុញមនុស្សច្រើនពេកនៅតាមទីផ្សារ ឬហាងនៅ ក្នុងថ្ងៃតែមួយ ឬក្នុងថ្ងៃនៃពិធីនានាជាដើម
-គួរត្រូវចៀសវាង ការចូលទៅកន្លែងចិញ្ចឹមសត្វ (បើគ្មានភារកិច្ច) ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋាន ចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្វឃាត ឬប៉ះពាល់ផ្ទាល់ជាមួយផ្ទៃណាដែលកខ្វក់ ឬប្រលាក់ ដោយលាមកសត្វបសុបក្សី ឬសត្វដទៃទៀត
-ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ និង
សម្លៀកបំពាក់ទាំងនៅក្នុង និងក្រៅផ្ទះ ឱ្យមានសណ្ដាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់
បន្ថយជម្រកមូស
. ចៀសវាងការធ្វើដំណើរ ប្រសិនបើមានអាការៈក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវ ទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ
-ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ លើសពី ៣៨ អង្សាសេ ត្រូវប្រញាប់នាំអ្នកជំងឺទៅពិនិត្យ និង ព្យាបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុត ជាបន្ទាន់ (មិនឱ្យយឺតជាង ៧២ ម៉ោង បន្ទាប់ពីក្តៅខ្លួន) ហើយសូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅ ខ្លាំងភ្លាមៗនេះដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺនៅក្នុងសេវាឯកជនដែលគ្មានសមត្ថភាព ផ្នែកជំងឺគ្រុនឈាមនេះឱ្យសោះ។
៤- តួនាទីរបស់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់៖
អាជ្ញាធរខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំ ការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពចំណីអាហារនៅតាមទីតាំងនានា និងត្រូវមានការចាត់ចែង រៀបចំទុកដាក់ម្ហូបអាហារឱ្យបានល្អនៅតាមទីវត្តអារាម (កុំច្របូកច្របល់គ្នា) ចៀសវាងការពុលចំណីអាហារ ឬ ជំងឺបណ្តាលមកពីអាហារមិនមានសុវត្ថិភាព
-អាជ្ញាធរខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង់ ឃ្លាំមើល និងធ្វើការត្រួតពិនិត្យ ទីតាំងបិត ឬផលិតស្រា ស ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយអ្នករៀបចំ ឬអ្នកផលិតស្រា ស ត្រូវធានានូវការអនុវត្តតាមក្បួនបច្ចេកទេសត្រឹមត្រូវ ដោយមិនយកសារធាតុមេតាណុល មកលាយធ្វើជាស្រា ស ដែល អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកផឹក។
ក្រសួងសុខាភិបាល សូមលើកទឹកចិត្តឱ្យប្រជាជនទូទៅ អនុវត្តតាមដំបូន្មានសាមញ្ញខាងលើ ដើម្បីការពារខ្លួន និងក្រុម គ្រួសារ និងសូមជូនពរឱ្យបុគ្គលគ្រប់រូបទាំងអស់គ្នាជួបនូវសុខភាពល្អ សុវត្ថិភាព និងចៀសផុតនូវជំងឺផ្សេងៗ។ សម្រាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាលលេខ ១១៥ ដោយឥតគិតថ្លៃ ៕
ដោយ : សិលា