ភ្នំពេញ : នៅរសៀលថ្ងៃពុធ ៦ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ដែលនឹងត្រៀមចូលរួមប្រកួតកីឡាអាស៊ីហ្គេមលើកទី១៩ នៅទីក្រុងហាន់ចូវ សាធារណរដ្ឋប្រជាមានិតចិន ។
សូមបញ្ជាក់ថា : សម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍កាលពីម្សិលមិញ ប្រកបដោយ អត្ថន័យជ្រាលជ្រៅបំផុត ក្នុងនាមជាថ្នាក់ដឹកនាំប្រទេស ដោយថ្លែងថា ៖ «ជឿចុះបងប្អូន! ខ្ញុំមិនឱ្យកម្ពុជាបាត់អត្តសញ្ញាណ ឬនៅក្រោមប្រទេសណាឡើយ…»
សម្តេចមហាបវរធិបតី បានលើកឡើងថា : «ខ្ញុំមានកូនរបស់ខ្ញុំ កូនរបស់ខ្ញុំនឹងបង្កើតកូន ខ្ញុំនឹងមានចៅ ចៅរបស់ខ្ញុំបង្កើតកូន ខ្ញុំនឹងមានចៅទួត ចៅលួត ចៅលា។ រាប់សិបឆ្នាំបន្តទៅទៀត ខ្ញុំមិនចង់ឱ្យកូនខ្មែរ ចៅរបស់ខ្ញុំ ចៅទួតខ្ញុំ ត្រូវបានបាត់អត្តសញ្ញាណ ឬមួយទៅជាជនជាតិខ្មែរ នៅក្រោមរណបនរណាមួយទេ មិនអាចធ្វើបានទេ។ […] ជឿទុកចិត្តចុះជំនាន់ចៅទួត ចៅលួត ចៅលា របស់បងប្អូន និងរបស់ខ្ញុំ កម្ពុជាកាន់តែរឹងមាំ អធិបតេយ្យភាពត្រូវតែរក្សាឱ្យបាន កម្ពុជាកាន់តែសម្បូរសប្បាយ»។
ការថ្លែងរបស់សម្តេចធិបតី ធ្វើឡើងនៅក្នុងឱកាសចុះជួបកម្មករជិត២ម៉ឺននាក់ នៅខេត្តតាកែវ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣៕
ដោយ : សិលា