ខេត្តកំពង់ចាម៖ លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម បានឱ្យដឹងនៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖ ក្រុុមអ្នកនេសាទខុសច្បាប់សរុបចំនួន ៦នាក់ត្រូវកម្លាំងជំនាញជលផលកំពង់ចាម ឃាត់ខ្លួន និងដកហូតវត្ថុតាងជាឧបករណ៍នេសាទខុសច្បាប់នៅស្រុកកងមាស មានចំនួន៨ករណី។
លោកនាយខណ្ឌជលផលរូបនេះ បានបន្តថា កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម កាលពីម្សិលមិញនេះ បានសហការជាមួយកងកម្លាំងសមត្ថកិច្ច បន្តចុះបង្ក្រាបបទល្មើសនេសាទ បឹងបេ៦ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកកងមាស និងស្រុកបាធាយ ខេត្តកំពង់ចាម នារដូវត្រីពងកូន។
ក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទនេះ ដោយមានការចង្អុលបង្ហាញពីលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដឹកនាំកម្លាំងដោយ លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម បានសហការ ជាមួយអាជ្ញាធរស្រុកកងមាស កម្លាំងសមត្ថកិច្ច សហគមន៍នេសាទបឹងបេ៦ អង្គការអភិរក្សធនធានជលផល និងមានការអនុញ្ញាតពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបន្តចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបានចំនួន៨ករណី និងឃាត់ខ្លួនមនុស្សបាន៦នាក់។
លោក អ៊ុក ណារិន បញ្ជាក់បន្ថែមថា ជាលទ្ធផល ក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ កម្លាំងសមត្ថកិច្ចបានធ្វើការរុះរើបំផ្លាញ់ចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែង ក្នុងនោះមាន ឧបករណ៍រ៉ាវសរុប៣២មាត់, ឧបករណ៍លូស្បៃមុងចំនួន២១មាត់, របាំងរ៉ាវសុប១៣៣០ម៉ែត្រ, ស្បៃមុងសរុបប្រវែង៣០០ម៉ែត្រ, បង្គោលចម្រឹងចំនួន១២៧៥ដើម និងធ្វើការប្រលែងកូនត្រីចម្រុះ២២គីឡូក្រាម។
ជាមួយគ្នានោះ លោកនាយខណ្ឌជលផល ក៏បានផ្សព្វផ្សាយអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ទន្លេ បឹង បួរ ព្រែក និងប្រភពត្រីពង សូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដោយធ្វើយ៉ាងណាថែរក្សាតំបន់ជំរកត្រីពងកូន និងរួមគ្នានេសាទឲ្យបានត្រឹមត្រូវទៅតាមច្បាប់ជលផលដែលបានកំណត់៕ដោយ៖សហការី