ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានវិលត្រឡប់ទៅកាន់រដ្ឋធានីព្យុងយ៉ាងវិញនៅយប់ថ្ងៃទី ១៩ ខែកញ្ញា បន្ទាប់ពីបានបំពេញទស្សនកិច្ចរយៈពេលវែងទៅកាន់ប្រទេសរុស្ស៊ី។
ថ្ងៃនេះ (ថ្ងៃទី 20 ខែកញ្ញា) ទីភ្នាក់ងារសារព័ត៌មាន KCNA បានផ្សាយថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង និងក្រុមកិត្តិយសយោធា មានវត្តមាននៅស្ថានីយរថភ្លើងដើម្បីស្វាគមន៍មេដឹកនាំ គីម ជុងអ៊ុន ត្រឡប់ទៅទីក្រុងព្យុងយ៉ាងវិញ។ យោងតាម KCNA ដំណើរធុរកិច្ចរបស់លោកគីមទៅកាន់ប្រទេសរុស្ស៊ីគឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងរុស្ស៊ី-កូរ៉េខាងជើង។
ដំណើរទស្សនកិច្ចរបស់លោក គីម និងជំនួបកំពូលជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ទទួលបានការចាប់អារម្មណ៍ពីសាធារណជនពិភពលោក។ នៅរុស្សុី លោកគីមបានទៅទស្សនារោងចក្រផលិតយន្តហោះចម្បាំងរុស្ស៊ី។ មេដឹកនាំកូរ៉េខាងជើងបានសរសើរវិស័យបច្ចេកវិទ្យាអាកាសចរណ៍ទំនើបរបស់រុស្ស៊ី។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu លោក Kim ត្រូវបានណែនាំដល់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដែលមានសមត្ថភាពអាចផ្ទុកអាវុធនុយក្លេអ៊ែរ មីស៊ីលល្បឿនលឿនជាងសំឡេង និងនាវាចម្បាំងផលិតដោយរុស្ស៊ី។
យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានឱ្យដឹងដែរថា បើរួមទាំងពេលវេលាធ្វើដំណើរផងទៀតនោះ លោក គីម បានចំណាយពេលសរុប ១០ថ្ងៃក្នុងការធ្វើដំណើររបស់លោកទៅកាន់ប្រទេសរុស្ស៊ី។ ព្រឹត្តិការណ៍នេះបានកត់សម្គាល់ការធ្វើដំណើរទៅធ្វើជំនួញនៅបរទេសយូរបំផុតចាប់តាំងពីលោកគីមចូលកាន់តំណែងនៅចុងឆ្នាំ២០១១៕ ដោយធីរីណា
រូបថត: KCNA