ភ្នំពេញ ៖ លោក ប៉ែន ពេជ្រដារ៉ូ អនុ ប្រធានការិយាល័យ នៃនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ដែលផ្សាយផ្ទាល់លើទំព័រហ្វសប៊ុក អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៨ ខែកញ្ញានេះ ថា ពន្ធលើមធ្យោបាយដឹកជញ្ជូន ពន្ធលើអចលទ្រព្យ និងពន្ធលើដីធ្លីដែលមិនបានប្រើ ប្រាស់ គឺជាពន្ធដែលត្រូវបង់ប្រចាំឆ្នាំ ហើយម្ចាស់ ត្រូវប្រកាស និងបង់ពន្ធជារៀងរាល់ឆ្នាំ។ ចំពោះពន្ធលើអចលនទ្រព្យ គឺត្រូវបានអនុវត្តលើភូមិសាស្រ្ដរដ្ឋបាលរាជធានីភ្នំពេញ និងក្រុង នៃបណ្ដាខេត្ដក្នុងព្រះរាជាណាចក្រកម្ពុជា ហើយការប្រមូលពន្ធអចលនទ្រព្យនេះ ត្រូវធ្វើឡើងចំពោះអចលនទ្រព្យទាំងឡាយណា ដែលមានតម្លៃ លើសពី១០០លានរៀល (២៥០០០ដុល្លារ)។ ចំពោះការផ្ដើមប្រមូលពន្ធ គឺចាប់ផ្ដើមពីខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំនីមួយៗ។
ចំណែកពន្ធលើដីធ្លីដែលមិនបានប្រើ ប្រាស់ គឺត្រូវប្រមូលពន្ធ ដោយធ្វើឡើងទៅលើដី ទាំងមានសំណង់ និងគ្មានសំណង់ ដែលមិនបានប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយតម្លៃដែលត្រូវយកមកធ្វើជាមូលដ្ឋាន គិតពន្ធ គឺគិតជាម៉ែត្រក្រឡា ហើយចាប់ផ្ដើមប្រមូលចាប់ពីខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា តាមឆ្នាំនីមួយៗ។
ដោយឡែកពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវគិតទៅលើរថយន្ដទេសចរណ៍ រថយន្ដដឹកទំនិញ រថយន្ដដឹកអ្នកដំណើរ រថយន្ដសណ្ដោង រ៉ឺម៉កសណ្ដោង ជលយានផ្លូវទន្លេ ជលយានផ្លូវសមុទ្រ អូប័រផ្លូវទន្លេ ឬសមុទ្រ ដោយមិនគិតថាជារបស់រដ្ឋឬឯកជនឡើយ។ ការចាប់ផ្ដើមប្រមូលពន្ធគឺពីថ្ងៃទី១ ខែមិថុនា បិទបញ្ចប់ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា។
លោក ប៉ែន ពេជ្រដារ៉ូ អនុប្រធានការិយាល័យ នៃនាយករដ្ឋានពន្ធអចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់បន្ថែមថា សម្រាប់អចលនទ្រព្យ និងដីធ្លី ដែលមានតម្លៃលើស១០០លានរៀល តែមិនស្ថិតក្នុងរាជធានី ឬក្រុង នៃបណ្ដាខេត្ត រដ្ឋាភិបាលបានលើកលែងការបង់ពន្ធទៅលើលក្ខខណ្ឌចំនួន៥ ទី១ ដីជាលំនៅឋានរបស់ប្រជាពលរដ្ឋស្នាក់នៅជាអចិន្រ្ដៃយ៍ ទី២ ដីដែលមានសំណង់មានការកាន់កាប់ ហើយបានជួល ដើម្បីបានចំណូលសេដ្ឋកិច្ច ទី៣ ដីធ្លីកសិកម្ម របស់ពលរដ្ឋ កសិករ ដែលពិតជាធ្វើកសិកម្មមែន ទី៤ ដីរបស់រដ្ឋដែលជួលឲ្យអតិថិជន តែបើដីនោះយកទៅទុកចោល នោះអាចជាកម្មវត្ថុត្រូវបង់ពន្ធវិញដែរ និងទី៥ ដីសប្បទាន ដែលរដ្ឋធ្វើសប្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុនកំពុងមានដំណើរការ តែបើពុំមានទេត្រូវមានលិខិតផ្សេងៗ ពីក្រសួង សេដ្ឋកិច្ច បើមិនដូច្នោះទេនឹងត្រូវគិតពន្ធ។
តែយ៉ាងណាលោកសង្កត់ធ្ងន់ថា ដើម្បីច្បាស់ថា អចលនទ្រព្យ ចលនទ្រព្យជាប់ពន្ធឬមិនជាប់ពន្ធ ហើយជាប់ជាពន្ធអចលនទ្រព្យ ឬក៏ដីធ្លីមិនបានប្រើប្រាស់ គឺត្រូវដាក់លិខិតប្រកាសចុះបញ្ជី នៅរដ្ឋបាលសារពើពន្ធ នៅពេលនោះរដ្ឋបាលនឹងពិនិត្យ ថា ជាប់ពន្ធលើប្រភេទណា ឬក៏ត្រូវបានលើកលែង ហេតុដូច្នេះហើយលោកស្នើអោយអ្នកជាប់ពន្ធ សុំមកជួបនៅរដ្ឋបាលសារពើពន្ធ ចៀសវាងការភាន់ច្រឡំ ដែលស្ដាប់តាមអ្នកដទៃធ្វើអោយខកខានបង់ពន្ធ ហើយប្រឈមទណ្ឌកម្មផ្នែករដ្ឋបាល៕ដោយ៖សុរិយា