ខ្លឹមសារនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin)  នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ

ចែករំលែក៖

ភ្នំពេញ​៖​ នាព្រឹក ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក .. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅ និងបានពិភាក្សាការងារជាមួយលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ និង គណៈប្រតិភូជាន់ខ្ពស់ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា

ជាកិច្ចចាប់ផ្តើម, សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម
សេដ្ឋា ថាវីស៊ីន និងគណៈប្រតិភូជាន់ខ្ពស់ មកកាន់ព្រះរាជាណាចក្រកម្ពុជា និងចំពោះការជ្រើសរើសកម្ពុជា ជាប្រទេសដំបូង សម្រាប់ការបំពេញទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ក្នុងនាមជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ សម្តេចធិបតី ក៏បានសម្តែងនូវការអបអរសាទរជាថ្មីម្តងទៀត ជូនចំពោះ លោក សេដ្ឋា ថាវីស៊ីន ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ នៅថ្ងៃតែមួយ ស្របគ្នាទៅនឹងការជ្រើសតាំងជានាយករដ្ឋមន្រ្តីរបស់ សម្តេចធិបតី ផងដែរ

ជាការឆ្លើយតប, លោក សេដ្ឋា ថាវីស៊ីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ប្រកបដោយភាតរភាព និងក៏បានអបអរសាទរដោយផ្ទាល់ចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ផងដែរ

ជាកិច្ចបន្ទាប់, ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានពិភាក្សាគ្នា ដោយយកចិត្តទុកដាក់ និង ដោយស្និទ្ធស្នាល អំពីវិស័យនៃកិច្ចសហការទ្វេភាគីកម្ពុជាថៃ ដែលមានភាពសម្បូរបែប និងទូលំទូលាយ កិច្ចពិភាក្សាបានផ្តោតជាសំខាន់ទៅលើវិស័យគន្លឹះ ដោយរាប់ចាប់ពី វិស័យពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, ការអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, កិច្ចការទូត, ទំនាក់ទំនងធុរកិច្ច, ទំនាក់ទំនង ប្រជាជន និង ប្រជាជន, ការតភ្ជាប់រវាងប្រទេសទាំងពីរ តាមផ្លូវអាកាស, ផ្លូវរថភ្លើង និង ផ្លូវថ្នល់, សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង, កិច្ចការពាក់ព័ន្ធនឹងអន្តោប្រវេសន៍ រហូតដល់វិស័យសន្តិសុខឆ្លងដែននិង សន្តិសុខអនឡាញ ។ ជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពិភាក្សា និង សហការគ្នា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ទទួលបានផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង ។

មុននឹងបញ្ចប់, ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ទៅវិញទៅមក និងមានជំនឿដ៏មុតមាំថា កិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ដែលនឹងកាន់តែរីកចម្រើន និងរឹងមាំថែមទៀត ។

...

ជាកិច្ចបញ្ចប់, សម្តេចធិបតី បានអញ្ជើញលោក សេដ្ឋា ថាវីស៊ីន និង គណៈប្រតិភូជាន់ខ្ពស់ ចូលរួមពិធីជប់លៀងផ្លូវការ និង បានជូនពរដល់លោក និង គណៈប្រតិភូ ទាំងអស់ ទទួលបាននូវជោគជ័យដ៏ថ្លៃថ្លា នៅក្នុងការបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និង សូមឱ្យការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ៕ដោយ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print