ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោកទូទាំងប្រទេសនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បណ្តាលឱ្យមនុស្ស ស្លាប់០៤នាក់(ស្រី០នាក់) និងរបួសធ្ងន់ស្រាល០៨នាក់។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សរបួសធ្ងន់ ០៧នាក់ និងរបួសស្រាល ១នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ០៩លើក មាន ៖ កត្តាល្បឿន ០៥លើក (ស្លាប់ ០៣ នាក់), មិនគោរពសិទ្ឋិ០២លើក (ស្លាប់០១នាក់) មិនពាក់មួក៦នាក់ និងបត់គ្រោះថ្នាក់ ០២លើក។
គួរជម្រាបថា នៅថ្ងៃដដែលនេះ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងណែនាំអប់រំស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ដោយធ្វើការផាកពិន័យអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពសរុបចំនួន (១៦ គ្រឿង), អប់រំ និងឲ្យរកមួកសុវត្ថិភាពមកពាក់មានចំនួន (១០ គ្រឿង) មិនផាកពិន័យ និងអប់រំអ្នកបើកបរបញ្រ្ចាស់ទិស ចំនួន(៦៥គ្រឿង) មិនផាកពិន័យ៕ដោយ៖សហការី