ភ្នំពេញ ៖ ក្នុងអំឡុងពេល នៃការបំពេញទស្សនកិច្ចជាផ្លូវការ និង មិត្តភាព នៅព្រះរាជាណាចក្រកម្ពុជាលោកសេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រ ថៃ បានអញ្ជើញចូលជួបសម្តែង ការគួរសម និងពិភាក្សា ការងារជាមួយ សម្តេចមហារដ្ឋស ភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃ ព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមាន រដ្ឋសភា។
ក្នុងជំនួបនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ ក្តៅចំពោះ វត្តមានដ៏ឧត្តុង្គឧត្តម របស់លោកសេដ្ឋា ថាវីស៊ីន នៅកម្ពុជា និងបាន វាយ តម្លៃ ខ្ពស់ ចំពោះការណដែល លោកសេដ្ឋា ថាវីស៊ីន បានជ្រើសរើស ព្រះរាជាណាចក្រ កម្ពុជា ជា ប្រទេស ទី មួយ ដើម្បី បំពេញ ទស្សនកិច្ចផ្លូវការ ក្រោយពីលោកបាន ក្លាយ ជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ ថៃឡង់ដ៍។
សម្តេចរដ្ឋសភាធិបតី ថែម ទាំង បានអបអរសាទរ ចំពោះលោកសេដ្ឋា ថាវីស៊ីន ដែល ត្រូវបានសភាប្រទេសថៃបោះឆ្នោត ជ្រើសតាំង ជានាយករដ្ឋមន្រ្តី កាលពីពេល ថ្មីៗកន្លងមកនេះ។
សម្តេចរដ្ឋសភាធិបតី បាន ចាត់ទុកដំណើរ ទស្សនកិច្ច នេះ គឺជាព្រឹត្តិការណ៍ ប្រវត្តិ សាស្រ្តដ៏សំខាន់មួយ ក្នុងការន្ដពូនជ្រំនូវកម្លាំងនៃសាមគ្គីភាព មិត្ដភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អនឹងគ្នា ដែលមានជាយូរលង់ណាស់មកហើយ ឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅថែមទៀត ស្របតាមស្មារតីនៃ “ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព”។
លោកសេដ្ឋា ថាវីស៊ីន បានជម្រាប សម្តេចរដ្ឋសភាធិបតីថា កម្ពុជាជាប្រទេសទី១ ដែល លោកបានជ្រើសរើសមកបំពេញទស្សនកិច្ច បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ។ លោកមានក្តីរំភើប និងរីករាយជាខ្លាំងដែល សមភាគីកម្ពុជាបានរៀបចំ ពិធី បដិ-សណ្ឋារ កិច្ចយ៉ាងកក់ក្តៅជាទីបំផុត ទំាងនៅខាងរាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋសភា។
លោកនាយករដ្ឋមន្រ្តី បានសម្តែងក្តីមោទកភាពជាមួយ សម្តេចរដ្ឋសភាធិបតី ក្នុងនាមជាស្រ្តីដំបូងរបស់កម្ពុជាដែលទទួល តួនាទីជាអ្នកដឹកនាំស្ថាប័នកំពូលរបស់ជាតិ ដែលនេះជាគំរូមួយសម្រាប់ប្រទេសថៃត្រូវរៀនសូត្រពីកម្ពុជា។ លោកសេដ្ឋា ថាវីស៊ីន បានជម្រាបជូន សម្តេចរដ្ឋសភាធិបតី ពីលទ្ធផលសំខាន់ៗមួយចំនួនដែល លោក បានពិភាក្សានិងឯកភាពជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យមានការរីកចម្រើនថែមទៀត ទំាងផ្នែកសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងជាពិសេសការកសាងបន្ទាត់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព និង អភិវឌ្ឍន៍។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអបអរនូវលទ្ធផលនៃជំនួបរវាង លោកនាយករដ្ឋមន្រ្ដី និង សម្ដេចធិបតីហ៊ុន ម៉ាណែត កាល ពីព្រឹក មិញនេះថាជាជំនួប ដែលបានឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តពង្រឹង និងពង្រីក ទំនាក់ទំនងចំណងមិត្ត ភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាង ប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ ស្អិតល្មួត និងមាន ប្រសិទ្ធ ភាពឡើង ថែម ទៀត ដើម្បីផលប្រយោជន៍នៃ ប្រទេស និងប្រជាជន ទាំងសងខាង។ រដ្ឋសភាកម្ពុជាសូម វាយ តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នៃប្រទេស ទាំងពីរ ដែលបានជំរុញនិង លើក កម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យ ។
ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានស្នើដល់ លោកនាយករដ្ឋមន្រ្តី បន្តជំរុញកិច្ច សហប្រតិបត្តិការ រវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និង គ្រប់ជ្រុង ជ្រោយថែមទៀត ដូចជាខាង វិស័យ ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ និងកសិកម្មជាដើម។
ក្នុងនាមតំណាងរាស្រ្ត និងក្នុងនាមថ្នាក់ដឹកនាំរដ្ឋសភា សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាលប្រទេសថៃ ដែលបានបង្ក លក្ខណៈ ងាយស្រួល និងផ្តល់លក្ខ ខណ្ឌការងារល្អ ក៏ដូចជាបានការពារសិទ្ធិពលករ និងពលរដ្ឋកម្ពុជាដែលកំពុងធ្វើការ និង ស្នាក់នៅ ក្នុងប្រទេសថៃ។
ទាក់ទងនឹង ការងាររដ្ឋសភាវិញ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្នើលោកនាយករដ្ឋមន្រ្តី ជួយជម្រុញលើកកម្ពស់ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទំាងពីរ ឱ្យ កាន់តែសកម្មទ្វេឡើង នៅក្នុងនោះរដ្ឋសភាកម្ពុជាស្នើដល់រដ្ឋសភាប្រទេសថៃ ដែលមាន បទពិសោធន៍បច្ចេកវិទ្យាឌីជីថលជួយគំាទ្រ ដល់ រដ្ឋសភាកម្ពុជាក្នុងកំណែទម្រង់ ដើម្បី ឱ្យក្លាយទៅជាសភាឌីជីថលនាពេល ខាង មុខ៕ដោយ ស សម