នៅថ្ងៃទី២ ខែតុលា ឥណ្ឌូនេស៊ី បានបើកដំណើរការ ផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបង្អស់ តភ្ជាប់ពីទីក្រុង ចាការតា ទៅកាន់ទីក្រុង បានដុង ។ គម្រោងរថភ្លើងល្បឿនលឿនមានតម្លៃ ៧,៣ ពាន់លានដុល្លារអាមេរិក ស្ថិតនៅក្នុង ក្រមខ័ណ្ឌ ចក្ខុវិស័យ ផ្លូវនិងខ្សែក្រវ៉ាត់ របស់ចិន និងឥណ្ឌូនេស៊ី ។
ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) សាទរចំពោះចិនថាជា និមិត្តរូបមួយនៃការធ្វើទំនើបកម្ម របស់ប្រទេសអាស៊ានមួយនេះ។ ជាមួយល្បឿនអតិបរមា៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង រថភ្លើងល្បឿនលឿន Whoosh អាចរត់ទៅមករវាងរដ្ឋធានីហ្សាការតា និងទីក្រុងបានឌុង (Bandung) ក្នុងរយៈពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះ ខណៈការធ្វើដំណើរ ដែលមានចម្ងាយសរុប១៤០គីឡូម៉ែត្រនេះ ពីមុនមកធ្លាប់ប្រើពេលវេលារហូតដល់ខ្ទង់៣ម៉ោង តាមរយៈរថភ្លើងធម្មតា។ លោក Widodo បានអះអាងថា រថភ្លើងខាងលើដែលអាចផ្ទុកអ្នកដំណើរបាន ៦០០នាក់ គឺជារថភ្លើងល្បឿនលឿនដំបូងគេបង្អស់់នៅអាស៉ីអាគ្នេយ៍។
គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ គឺជាផ្នែកនៃកិច្ចផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិន។ វាត្រូវបានសាងសង់ដោយក្រុមហ៊ុន PT KCIC ដែលរួមផ្សំឡើងពីក្រុមហ៊ុនរដ្ឋឥណ្ឌូណេស៉ីចំនួន៤ ហើយនិងក្រុមហ៊ុន China Railway International Co. របស់ទីក្រុងប៉េកាំង។ គម្រោងនេះពីដំបូងឡើយ ត្រូវបានកំណត់គោលដៅថា នឹងចំណាយថវិកាក្រោម៥ពាន់លានដុល្លារ ហើយសម្រេចជាស្ថាពរនៅត្រឹមឆ្នាំ២០១៩ ប៉ុន្តែការពន្យារពេលដោយសារបញ្ហាប្រឈមនៃដំណើរការសាងសង់ បូករួមជាមួយវិបត្តិជំងឺកូវីដ១៩ បាននាំឱ្យថវិកាដែលត្រូវចំណាយ កើនឡើងខ្ពស់៕
រូបថត: AP