ខេត្តបន្ទាយមានជ័យៈ កម្លាំងសមត្ថកិច្ចទាំងបីស្ថាប័នជាង៥០០នាក់បានចុះជួយប្រមូលផលស្រូវប្រជាពលរដ្ឋបានជាង២០ហិកតាដែលលិចលង់ដោយសារទឹកជំនន់ទាំងស្រុងពីផ្នែកខាងលើនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០៣ស្ថិតនៅខាងលិចប្រឡាយព្រែកភូមិ.ឃុំចំណោម ស្រុកមង្គលបុរី ។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរីបានប្រាប់ថាៈជំនន់ទឹកភ្លៀងបានលិចផ្នែកខាងលើហើយបានជន់លិចស្រូវប្រជាកសិករនៅឃុំចំណោមនៅផ្នែកខាងលិចប្រឡាយព្រែក ដោយប្រជាកសិករម្ចាស់ស្រូវបានស្នើសុំកងកម្លាំងចុះជួយប្រមូលផលស្រូវដែលកំពុងលិចលង់ជាង២០ហិកតា។
លោកបានបញ្ជាក់ថា៖ ជាការយកចិត្តទុកដាក់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងទាំងបីស្ថាប័នចំនួន៥៤៨នាក់ក្នុងនោះមាន កម្លាំងនគរបាលចំនួន១៨៣នាក់ កងរាជអាវុធហត្ថចំនួន៥៥នាក់ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត១១០នាក់ កម្លាំងកងពលតូចថ្មើរជើងលេខ៥១ចំនួន២០០នាក់ និងមន្ត្រីរដ្ឋបាលស្រុកមង្គលបុរីនិងក្រុមយុវជន។
លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ ទឹកដែលជន់លិចស្រូវប្រជាកសិករនៅខាងលិចប្រឡាយព្រែកឃុំចំណោមនេះជាទឹកដែលនៅផ្នែកខាងលើបានហូរមកជន់លិចស្រូវប្រជាកសិករដែលកំពុងប្រមូលផលមានចំនួន២១ហិកតាកាលពីថ្ងៃទី០១ ខែតុលាឆ្នាំ២០២៣ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តប្រមូលបាន៥ហិកតានៅសល់១៦ហិកតាត្រូវបានប្រមូលផលនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ដោយកម្លាំងទាំងបីស្ថាប័នជាង៥០០នាក់ប្រមូលផលបានរួចរាល់ហើយ ថ្ងៃស្អែកនេះបន្តចុះប្រមូលផលទៀត។
លោកបានបញ្ជាក់ថា៖ ខេត្តបន្ទាយមានជ័យឆ្នាំ២០២៣នេះប្រជាកសិករបង្កបង្កើនផលស្រូវដើមរដូវឬស្រូវមិនប្រកាន់រដូវបានជាង៧ម៉ឺនហិកតាហើយរហូតពេលនេះប្រមូលផលបានជាង៩០ភាគរយហើយនៅសល់១០ភាគរយទៀតដែលមិនទាន់បានប្រមូលផល ហើយជាក់ស្តែងនៅឃុំចំណោមត្រូវបានជន់លិចដោយទឹកជំនន់ទាំងស្រុងពីផ្នែកខាងលើ៕ដោយ:វណ្ណា