ភ្នំពេញ : សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្ដេចមិនបានសម្រាកនោះទេរហូតដល់ម៉ោង ១២កណ្ដាលយប់រៀងរាល់ថ្ងៃ ក៏ព្រោះសម្ដេចនៅតែតាមដានព័ត៌មាន និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទទួលដឹងព័ត៌មានទាំងអស់ ក៏ប៉ុន្តែសម្ដេចមិនលូកដៃទៅក្នុងអង្គភាពជំនាញនោះទេគ្រាន់តែបញ្ជាឲ្យអង្គភាពទាំងនោះពិនិត្យ និងធ្វើការដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួនជិត២ម៉ឺននាក់មកពីរោងចក្រ សហគ្រាស ចំនួន២២ ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានការងារមួយចំនួនសម្ដេចត្រូវធ្វើផ្ទាល់ និងមួយចំនួនទៀតសម្ដេចបានបញ្ជាទៅអង្គភាពជំនាញឲ្យពិនិត្យ ពន្យល់ និងបកស្រាយ។ សម្ដេចថា នេះជាការធ្វើនយោបាយរបស់សម្ដេចដោយតម្រូវឲ្យអង្គភាពជំនាញត្រូវមានទំនួលខុសត្រូវលើការងារខ្លួន និងពលរដ្ឋ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា មានការងារជាច្រើនដែលសម្ដេចបានធ្វើទាក់ទងទៅនឹងបញ្ហាពន្ធដារ បញ្ហានៃការលួចចម្លងប្រាសាទអង្គរវត្ត បញ្ហានៃការតវ៉ារវាងប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួន ដែលទាំងអស់នេះ សម្ដេចទុកឱកាសឲ្យស្ថាប័នជំនាញធ្វើការដោះស្រាយ និងបកស្រាយទៅកាន់ប្រជាពលរដ្ឋ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងមិនបង្កើតពន្ធថ្មីឡើយក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧នេះ។
ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏មិនបន្តយកពន្ធលើដីស្រែរបស់ប្រជាពលរដ្ឋជាលក្ខណៈគ្រួសារ កសិផល សម្ភារកសិកម្ម ពន្ធកសិផលពីប្រជាកសិករ ពន្ធចលនទ្រព្យតម្លៃក្រោម ២៥,០០០ដុល្លារ មិនយកពន្ធប្រថាប់ត្រា ក្រោម៧ម៉ឺនដុល្លារ មិនយកពន្ធប្រថាប់ត្រាលើការផ្ទេអចលនទ្រព្យឱពុកម្តាយទៅកូន ពីប្តីមកប្រពន្ធ ពីជីដូនជីតាទៅចៅ មិនយកពន្ធលើម៉ូតូ កង់៣ និងពន្ធផ្លូវនោះទេ។ ពន្ធទាំងនេះគឺរាជរដ្ឋាភិបាលមិនយកតាំងពីឆ្នាំ២០១១ រហូតដល់ពេលនេះ។
សម្តេចធិបតីថ្លែងថា៖«ហ្នឹងហើយក្រៅពីមិនបង្កើតអី(ពន្ធ)ថ្មី មិនបង្កើតអ្វីដែលមានស្រាប់ រដ្ឋប្តេជ្ញាចិត្តនូវអ្វីដេលយើងមិនបានយក និងបន្តមិនយកតទៅទៀត»។
សម្តេចធិបតីបន្ថែមថា រដ្ឋាភិបាលក៏មិនទាមទារភាស៊ីពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អីនៅតាមទីផ្សារនោះទេ៕
ដោយ : សិលា