អង្គការសហប្រជាជាតិសម្រេចបញ្ជូនទាហានទៅប្រទេសហៃទី បង្រ្កាបអំពើហិង្សា

ចែករំលែក៖

ក្រុមជនអន្ធពាលបានបង្កហិង្សាកាន់តែខ្លាំងនៅក្នុងប្រទេសហៃទី ធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តលើការបញ្ជូនកងកម្លាំងចម្រុះជាតិសាសន៍ទៅកាន់ប្រទេសហៃទី ដើម្បីជួយដល់រដ្ឋាភិបាលនៃប្រទេសក្នុងតំបន់ Caribbean មួយនេះ បញ្ឈប់ការរីករាលដាលនៃអំពើហិង្សាបង្កឡើងដោយពួកជនពាល។

សមាជិកទាំង១៥ ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខ UN បានបោះឆ្នោតក្នុងសំឡេងគាំទ្រលើសលប់នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) ដោយក្នុងនោះមានប្រទេសចំនួន១៣បានបោះឆ្នោតគាំទ្រដល់បេសកកម្មមួយដឹកនាំដោយប្រទេសកេនយ៉ា ក្នុងប្រទេសហៃទី។ ប្រទេសចំនួន២ គឺ
រុស្ស៉ី និងចិន បានបោះឆ្នោតអនុបវាទ ដោយសំអាងពីការព្រួយបារម្ភពីភាពចលាចលក្នុងប្រទេសហៃទី បង្កឡើងដោយការលូកលាន់ពីបរទេស។
នាយករដ្ឋមន្ត្រីហៃទី លោក Ariel Henry បានស្នើសុំជំនួយពីអន្តរជាតិម្ដងហើយម្ដងទៀត អស់រយៈពេលជាងមួយឆ្នាំមកនេះចំពោះមុខការកើនឡើងនៃអំពើហិង្សាបង្កឡើងដោយពួកជនពាល ដែលបង្កទៅជាអសន្តិសុខយ៉ាងខ្លាំងក្នុងប្រទេសមួយនេះ។ UN បានវាយតម្លៃថា មនុស្ស៥.២លាននាក់ ឬស្មើនឹងជាងពាក់កណ្ដាលនៃប្រជាជនសរុបហៃទី បច្ចុប្បន្នកំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ ខណៈដែលអំពើហិង្សាបានបង្ខំឱ្យមនុស្សជិត ២០០,០០០នាក់ ភៀសខ្លួន ហើយមនុស្ស ៣,០០០នាក់ត្រូវបានសម្លាប់ក្នុងឆ្នាំ២០២៣នេះ និងជាង ១,៥០០នាក់ផ្សេងទៀតត្រូវបានចាប់ពង្រត់ដើម្បីជំរិតទារប្រាក់។
រដ្ឋមន្ត្រីការបរទេសហៃទី លោក Jean Victor Geneus បានបង្ហាញការសាទរដល់ការអនុម័តរបស់ក្រុមប្រឹក្សាសន្តិសុខ UN ភ្ជាប់ជាមួយការអំពាវនាវឱ្យបណ្ដាប្រទេសដទៃចូលរួមផងដែរ។ កាលពីខែកក្កដា ប្រទេសកេនយ៉ា បានស្ម័គ្រចិត្តដឹកនាំកងកម្លាំងអន្តរជាតិមួយ ដោយសន្យាថា នឹងដាក់ពង្រាយកងកម្លាំងប៉ូលិស ១,០០០នាក់ ដើម្បីជួយបណ្ដុះបណ្ដាល និងផ្ដល់ជំនួយនានាដល់ប៉ូលិសហៃទី។ ប្រទេសផ្សេងទៀតដូចជា ចាម៉ៃកា បាហាម៉ាស់ រួមទាំងប្រទេសអង់ទីហ្កា និងបាប៊ូដា (Antigua and Barbuda) ក៏បានសន្យាផ្ដល់ជំនួយដូចគ្នានេះដែរ៕ ដោយធីរីណា

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print