ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលយីហោ”ចយ” ក្រោយមានបណ្ដាញសង្គមមួយចំនួនបាន បង្ហោះជាសាធារណៈថាទីតាំងមួយនេះ មានបង្កប់ល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រីនៅខាងក្នុង ។ ប៉ុន្តែជាក់ស្ដែង ពុំមានដូចការចុះផ្សាយនោះឡើយ ឃើញតែបន្ទប់ទុកចោល គ្មានសម្ភារៈអ្វីពាក់ព័ន្ធល្បែងស៉ីសងទេ។
សូមជម្រាបជូនថា ប្រតិបត្តិការចុះត្រួតពិនិត្យ ធ្វើឡើងនៅរសៀលថ្ងៃទី០៤ ខែតុលាម្សិលមិញនេះ មានការបញ្ជាពី លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា បានចាត់ឲ្យ លោក ណុប ផា អភិបាលរង ទទួលបន្ទុក ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យផ្ទាល់តែម្ដង នៅចំណុចទីតាំង មជ្ឈមណ្ឌលចយ ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ១៨២ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ តែពុំមានអ្វីពាក់ព័ន្ធបទល្មើសនិងល្បែងស៉ីសងឡើយ។
នៅក្នុងការចុះត្រួតពិនិត្យនេះផងដែរអាជ្ញាធរ បានអប់រំណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង និងបានធ្វើការកិច្ចសន្យា ចំពោះមុខជាមួយសមត្ថកិច្ច ហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនិងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរនិងអនុវត្តតាមតិវិធីច្បាប់។
គួរបញ្ជាក់ថា ទីតាំងមជ្ឈមណ្ឌល ចយ នេះអាជ្ញាធរខណ្ឌ៧មករា បានចុះត្រួតពិនិត្យជាច្រើនលើកច្រើនសារមកហើយដែលមានបណ្ដាញសង្គមក៏ដូចជាសារព័ត៌មានមួយចំនួនបានចុះផ្សាយថាក្នុងទីតាំងនេះគឺមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ក៏ប៉ុន្តែអាជ្ញាធរចុះត្រួតពិនិត្យមិនមានអ្វី គួរឲ្យសង្ស័យ និងពាក់ព័ន្ធឡើយ។ តែទោះជាយ៉ាងណាអាជ្ញាធរនិងឲ្យកម្លាំងជំនាញធ្វើការស៊ើបអង្កេតស្រាវជ្រាវ បន្តទៀតផងដែរ៕ ដោយ៖សហការី