ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះថា៖ ជនជាតិចិនតៃវ៉ាន់ម្នាក់ រួមជាមួយថ្នាំញៀនជិត១គីឡូក្រាម បម្រុងនាំចេញពីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅទីក្រុងតៃប៉ិ ប៉ុន្តែត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករកម្ពុជា ស្រាវជ្រាវទាន់ពេលវេលាក៏ចុះបង្រ្កាបនិងឃាត់ខ្លួនជាក់ស្ដែងតែម្ដង។
ប្រភពដដែលបន្តថា សមត្ថកិច្ចគយ និងរដ្ឋាករកម្ពុជា ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកអ្នកដំណើរចេញ) កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានធ្វើការពិនិត្យ និងឃាត់ខ្លួនអ្នកដំណើរម្នាក់ ឈ្មោះ CHEN WEI CHUN ជនជាតិចិនតៃវ៉ា ដែលមានលាក់បង្កប់សារធាតុញៀនប្រភេទកេតាមីន (រុំជាប់នឹងដងខ្លួន) ចំនួន២ដុំ ស្មើទម្ងន់៩៩៤ក្រាម។
បន្ទាប់ពីឃាត់ខ្លួនរួចហើយ កម្លាំងសមត្ថកិច្ចគយ និងរដ្ឋាករកម្ពុជា បានរាយការណ៍មកកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងដោយសារមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យ និងវត្ថុតាងមកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីចាក់ការបន្ត។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកបក្ខពួក និងមេក្លោងដែលនៅសេសសល់ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕ដោយ៖សហការី