ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនធ្វើដំណើរទស្សនកិច្ច និងចុះជួបសំណេះសំណាលជាមួយសមាគមកាណូតដឹកទេសចរចុងឃ្នៀស និងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ កាលពីរសៀលម្សិលមិញនេះ។
នាឱកាសនោះ លោករដ្ឋមន្ត្រី បានជំរុញនិងលើកទឹកចិត្តឱ្យមានការវិនិយោគខ្នាតតូច មធ្យម និងធំនានា ធ្វើយ៉ាងណា បង្កើនការចូលរួមពីប្រជាជនមូលដ្ឋាន ផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍ ផ្តល់ប្រយោជន៍អតិបរមាដល់មូលដ្ឋាន គោរពតាមគោលការណ៍ចីរភាព និងការទទួលខុសត្រូវ ស្របតាមទស្សនទាន “ការអភិរក្សបម្រើដល់ការអភិវឌ្ឍ ការអភិវឌ្ឍបម្រើដល់ការអភិរក្ស” និងស្របតាមគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌។
ជាមួយគ្នានោះ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនធ្វើដំណើរទស្សនកិច្ច និងចុះជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក។
ដំណើរទស្សនកិច្ច និងជំនួបសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណងលើកស្ទួយវិស័យទេសចរណ៍ និងការបន្តជួយរៀបចំតំបន់នេះ ឱ្យក្លាយទៅជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញសម្រាប់វិស័យទេសចរណ៍ខេត្តសៀមរាប និងជាគំរូដ៏ល្អសម្រាប់ការរៀបចំសហគមន៍ផ្សេងៗទៀតនៅក្នុងខេត្ត ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅ ការគាំពារបរិស្ថាន និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន៕ ដោយ៖សហការី