ភ្នំពេញ ៖ នៅវេលារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនជាប់ចោទម្នាក់ នៅចំណុចផ្សារព្រែក ព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាការអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ឃុំខ្លួន របស់ចៅក្រមជំនុំជម្រះសាលា ដំបូងរាជធានីភ្នំពេញ ពាក់ពន្ធពីបទ.រំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ពោលគឺក្ស័យធន ប្រើប្រាស់មូលប្បទានប័តគ្មានសាច់ប្រាក់ (សែកស្អុយ) ទំហ៊ុំទឹកប្រាក់ជាង៥០មឺនដុល្លារអាមេរិក ។
ជនជាប់ចោទមានឈ្មោះ សន សាក់ ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរ ជាអ្នកម៉ៅការរថយន្តដឹកដី មានទីលំនៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធានសាលាដំបូង និងជាចៅក្រមជំនុំជម្រះបានបញ្ជាក់ថា
១.ផ្តន្ទាទោសឈ្មោះ សន សាក់ ភេទប្រុស អាយុ៣៤ ឆ្នាំ ដាក់ពន្ធនាគារកំណត់២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣ លានរៀល ដើម្បីបង់ចូលថវិការជាតិ ពីបទ.រំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលកំឡុងឆ្នាំ២០១៩ ឆ្នាំ២០២០ និងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលបទល្មើសព្រហ្មទណ្ឌមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តការទូទាត់សងប្រាក់ ។
២.បង្គាប់ឲ្យឈ្មោះ សន សាក់ សងប្រាក់ទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៥១៧ ០០០ ដុល្លារអាមេរិក និងសំណងជម្ងឺចិត្តចំនួន ៤០ លានរៀល ។
៣.ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនលើឈ្មោះ សន សាក់ “ដែលមានសវតាជាតិគ្រប់គ្រាន់”តាមបញ្ញត្តិមាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌ ។ ដូច្នោះក្រោយពីចាប់ខ្លួនជនជាប់ចោទ ត្រូវបានសមត្តកិច្ចរៀបចំបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធី ៕ ដោយ៖ រ៉ារ៉ា