ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំ ពេញ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានបើកការស៊ើបសួរលើជនសង្ស័យម្នាក់ជាឈ្មួយគ្រឿងញៀន ពាក់ពន្ធការដឹកជញ្ជូន និងជួញដូរនូវសារធាតុញៀនប្រមាណជាង២ គីឡូក្រាម ដែលសមត្តកិច្ចចាប់ខ្លួន ខណៈជនសង្ស័យរូបនោះបម្រុងធ្វើចរាចរគ្រឿងញៀនក្នុងទីងងឹតចំនួន២គោលដៅ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ រ៉េត សារុន ភេទប្រុស អាយុ ៤៣ ឆ្នាំ ។
សូមជម្រាបថា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចនគរបាលជំនាញការិយាល័យទី១១ដែលហៅថា (ក១១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវ ជ្រាវ និងស៊ើបអង្កេត រហូតឈានដល់ការបង្ក្រាបករណីរក្សាទុក និងដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ ចំនួន២ គោលដៅ ក្នុងរាជធានី ឃាត់ខ្លួនឈ្មួយញគ្រឿងញៀនម្នាក់ និងចាប់យកវត្ថុតាងសារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ២២១៨ ក្រាម (២គីឡូក្រាម និង២១៨ក្រាម) ។
.គោលដៅទី១.នៅចំណុចបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ផ្សារ ដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
.គោលដៅទី២.នៅចំណុចបណ្តោយផ្លូវមុន្នីរ៉េត សង្កាត់បឹងសា ឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្រោយបញ្ចប់បេសកកម្មទាំង២គោលដៅខាងលើ សមត្តកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ។ ជនសង្ស័យបានស្ថិតក្នុងដំណាក់កាល តំណាងអយ្យការបើកការស៊ើបសួរ និងក្រោយ ពេលស្ថាប័នអយ្យការសួរហើយ សំណុំរឿង និងចាត់បញ្ជូនទៅខាងចៅក្រមដើម្បីឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ៕ ដោយ៖ រ៉ារ៉ា