ខេត្តបន្ទាយមានជ័យៈ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាងទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣
។
សមត្ថកិច្ចអាវុធហត្ថប្រាប់ថាៈ ដោយអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងថាៈនៅវេលាម៉ោង០៥និង៣០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ អង្គភាពមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចបន្ទប់ជួល គ្មានឈ្មោះ ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្ម។ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះប្រតិបត្តិការដល់ គោលដៅ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនម្សៅក្រាមសថ្លា ចំនួន០៣ថង់កិប (ធំ២ តូច១) ទូរសព្ទ អាយហ្វូន៧ ពណ៌ខ្មៅ ចំនួន១គ្រឿង និងសម្ភារ:សម្រាប់ជក់គ្រឿងញៀនមួយចំនួន ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា៖ ជនសង្ស័យ១-ឈ្មោះ ថោង ធីស៊ីន ហៅក្រៅន លីន ភេទប្រុស អាយុ៤២ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ២-ឈ្មោះ សុភ័ណ ធារីរ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ ថោង ធីស៊ីន ហៅ លីន បានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមកទុកសម្រាប់លក់និងប្រើប្រាស់ខ្លួនឯងផង។ ចំណែកឈ្មោះ សុភ័ណ ធារីរ័ត្ន បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែនហើយក៏ធ្លាប់ជាប់នៅមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់ម្ដងដែរ ៕ដោយ៖វណ្ណា