ភ្នំពេញៈ ជាថ្មីម្ដងទៀត លោកចេងមុនីរ៉ាអភិបាលនៃគណៈអភិបាល ខណ្ឌច្បារអំពៅ បានដាស់តឿនក្រើន រំលឹក ដល់កងកម្លាំងសណ្ដាប់ធ្នាប់ ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៍ វិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឲ្យខាងតែបាន នូវអនុសាសន៍ ( ៣ កុំ ) ជាពិសេសពេលចុះបំពេញការងារ រៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ក៍ដូចជាចុះល្បាតក្នុងភូមិសាស្ត្រខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវតួនាទីភារៈកិច្ចរបស់យើង គឺទន់ភ្លន់ តែម៉ឺងម៉ាត់ ។
ការដាស់តឿនក្រើន រំលឹកនេះបានថ្លែងនៅគ្រាដែលលោកអភិបាលខណ្ឌជួបសំណេះសំណាលនិងឧបត្ថម្ភអង្កររួមទាំងថវិកា ដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌជាង ៥០នាក់ កាលពីថ្ងៃទី០៩ ខែតុលាឆ្នាំ២០២៣ នៅសាលាខណ្ឌច្បារអំពៅ ។
ថ្លែងទៅកាន់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ លោកអភិបាលខណ្ឌបានបញ្ជាក់អត្ថន័យ ( ៣ កុំ ) ដូច្នេះថា ទី១- កុំលេងល្បែងស៉ីសងគ្រប់ប្រភេទ , ទី២-កុំសេពគ្រឿងញៀន , ទី៣-ឈ្លោះទាស់ទែងគ្នា ត្រូវរក្សាបានសាមគ្គីភាពផ្ទៃក្នុង ។ សូមកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្ត ( ៣ កុំ ) អោយបាន បើបុគ្គលណាម្នាក់លួចលេងល្បែងស៉ីសង លួចសេពគ្រឿងញៀន ខុសវិន័យកងកម្លាំងត្រូវបញ្ឈប់ពីការងារ ។ ចំនុចមួយទៀតកុំឈ្លោះទាស់ទែងគ្នាវាមិនល្អទេ ធ្វើអោយប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ។ និយាយ រួមត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មានវិន័យល្អ និងអនុវត្តតាមការណែនាំរបស់អង្គភាព ។ ចំនុចសំខាន់មួយទៀត ពេលចុះអនុវត្តការងារត្រូវរក្សាអោយបាន នូវសេចក្តីថ្លៃថ្នូ កុំប្រើអាកប្បកិរិយាច្រងែង ច្រង៉ាង ឬពាក្យសំដីមិនសមរម្យទៅលើ ប្រជាពលរដ្ឋ ជាពិសេសពេលចុះរៀបចំ សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានកោតសសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ កន្លងមកបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរលើដងផ្លូវ ចុះពង្រឹងច្បាប់ចរាចរ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន ។ ចំនុចមួយទៀតត្រូវចេះជួយគ្នា ចេះស្រលាញ់គ្នា ចេះអធ្យាស្រ័យអោយគ្នា ចេះសន្តោសប្រណីអោយគ្នាទៅវិញទៅមក និងចេះជួយយកអាសារគ្នា ។
ដើម្បីអបអសាទរពិធីបុណ្យភ្ជុំបិណ្ឌ នេះដែរលោកអភិបាលខណ្ឌបានឧបត្ថម្ភ ដល់កម្លាំងសណ្តាប់ខណ្ឌក្នុងម្នាក់ៗទទួល បានថវិកា១០ម៉ឺនរៀល អង្ករ៣៥ គីឡូក្រាម និងភេសជ្ជៈ០១កេស ៕ដោយ៖សណ្តោស