ប្រទេសអារ៉ាប់រួម UAE បានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនកាត់បន្ថយការស្លៀកពាក់ឯកសណ្ឋានប្រពៃណីពេលធ្វើដំណើរទៅក្រៅប្រទេសក្នុងគោលដៅបញ្ចៀសការយល់ច្រឡំថាជាក្រុមភេរវកម្ម។
ក្រសួងការបរទេសអារ៉ាប់រួមបានប្រកាសនៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា «ដើម្បីធានាសុវត្ថិភាព យើងសូមអំពាវនាវឲ្យពលរដ្ឋដែលធ្វើដំណើរទៅក្រៅប្រទេសគឺស្លៀកពាក់ធម្មតាដូចបណ្តារប្រទេសលោកខាងលិចដើម្បីបញ្ចៀសការយល់ច្រឡំថាជាក្រុមភេរវកម្ម»។
តាមការប្រកាសកាលពីចុងសប្តាហ៍កន្លងមក ពាណិជ្ចករ UAE ម្នាក់ស្លៀកពាក់តាមបែបប្រពៃណីត្រូវបានប៉ូលិសនៅទីក្រុង Avon រដ្ឋអូហៃអូ អាមេរិកចាប់ខ្លួនក្រោយពេលបុគ្គលិកសណ្ឋាគារយល់ច្រឡំថាជាក្រុមភេរវករ ក្រោយពេលបាននិយាយទូរស័ព្ទជាភាសាអារ៉ាប់ទៀតនោះ។
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសក៏បានប្រមានថាពលរដ្ឋត្រូវតែគោរពច្បាប់មិនត្រូវពាក់ស្បៃគ្របមុខជិតនៅទីសាធារណៈនោះឡើយពេលទៅដល់តំបន់អឺរ៉ុប។
ប្រទេសមួយចំនួននៅអឺរ៉ុបបានអនុម័តច្បាប់ហាមសាសនិកអ៊ិស្លាមស្លៀកពាក់បិទមុខនៅទីសាធារណៈ។ ការហាមប្រាមរបស់អឺរ៉ុបកើតឡើងក្នុងពេលដែលក្រុមជនអន្តោប្រវេសន៍ចូលទៅកាន់អឺរ៉ុបកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយពួគភេរវកម្មបានលួចបន្លំខ្លួនជាមួយក្រុមអន្តោប្រវេសន៍ដើម្បីធ្វើឲ្យអឺរ៉ុបធ្លាក់នៅក្នុងភាពចលាចល៕
ប្រែសម្រួល៖ សាធី