ភ្នំពេញ ៖ នៅថ្ងៃបើកការប្រកួតដណ្តើម ពានរង្វាន់ TIFFY Super Fight វគ្គទី៣នេះ កីឡាករ ឆន ចន្នី មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ និងកីឡាករ យ៉ុន ដារ័ត្ន មកពីក្លិបតាឡីដំរីមានប្ញទ្ធិទទួលបានម្នាក់៣ពិន្ទុដូចគ្នា ក្រោយពីវាយឲ្យដៃគូប្រកួតចុះចាញ់និងឈ្នះដោយពិន្ទុកាលពីយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦នៅលើសង្វៀនទូរ ទស្សន៍ប៉ុស្តិ៍លេខ៥ ។
អ្នកគ្រប់គ្រងកម្មវិធីកីឡាប្រដាល់របស់ស្ថានីយទូរទស្សប៉ុស្តិ៍លេខ៥បានបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់ដណ្តើមពាន រង្វាន់ TIFFY Super Fight វគ្គទី៣នេះ គណៈកម្មការបានធ្វើការសម្រាំងរកបាន កីឡាករល្អ៣២នាក់មកពីគ្រប់ក្លិបទូទាំងប្រទេសក្នុងគោលបំណងចូលរួមជំរុញនិងលើកស្ទូយវិស័យកីឡាប្រដាល់កម្ពុជាឆ្ពោះទៅឆ្នាំ២០២៣ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នោះ ។
ជាលទ្ធផលសម្រាប់ថ្ងៃបើកការប្រកួតដំបូងវគ្គទី៣ជើងឯកពានរង្វាន់ TIFFY Super Fight នេះ កីឡាករ ឆន ចន្នី បាន យកឈ្នះកីឡាករ ចាន់ សាន់ មកពីក្លិប និរោធមានជ័យដោយពិន្ទុប្រផុតប្រផើយ រយៈពេលពេញ៥ទឹកនោះ។ ដោយ ឡែកកីឡាករ យ៉ុន ដារ័ត្ន បានប្រើស្នៀត ជង្គង់បុកទៅលើពោះកីឡាករ កំពែង ខ្មៅតាំងពីចាប់ផ្តើមប្រកួតក្នុងទឹកទី១ ទីបំផុត យ៉ុន ដារ័ត្ន ធ្វើបានសម្រេចទៅលើកីឡាករ កំពែង ខ្មៅ ក្នុងទឹកទី២ ដោយលោកអាជ្ញា កណ្តាលបញ្ឈប់ការប្រកួតក្រោយពីរាប់ ដល់១០កីឡាកររូបនេះមិនអាចបន្តការ ប្រកួតបាន ។
គួរបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់ ក្បាច់គុនបុរាណខ្មែរដណ្តើពានរង្វាន់ TIFFY Super Fight វគ្គទី៣មានសមាស ភាពកីឡាករចូលរួម៣២នាក់ធ្វើការប្រកួតជម្រុះវិលជុំចំនួន៣វគ្គរួចប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រតែម្តង៕
ដោយ៖ សារីម