យោងតាមមន្ត្រីថៃ យ៉ាងហោចណាស់មានពលរដ្ឋថៃចំនួន ១២នាក់បានស្លាប់ ចាប់តាំងពីការប្រយុទ្ធគ្នារវាងអុីស្រាអែល និងក្រុមហាម៉ាស់បានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា។
គេហទំព័រព័ត៌មាន Thaiger បានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសថៃ លោក Jakkapong Saengmanee ថា បច្ចុប្បន្នទីក្រុងបាងកក រក្សាអព្យាក្រឹតភាពក្នុងជម្លោះរវាងអុីស្រាអែលនិងក្រុមហាម៉ាស ក៏ដូចជាគាំទ្រប៉ាឡេស្ទីន និងរដ្ឋាភិបាលទីក្រុង Tel Aviv ដើម្បីធ្វើការឆ្ពោះទៅរកដំណោះស្រាយសន្តិភាព។
លោក Jakkapong មានប្រសាសន៍ថា«មានពលរដ្ឋថៃប្រមាណ៣ម៉ឺននាក់ធ្វើការក្នុងប្រទេសអុីស្រាអែលភាគច្រើននៅក្នុងវិស័យកសិកម្ម។ ក្នុងចំណោមនោះ មានពលរដ្ឋថៃយ៉ាងហោច១២នាក់បានស្លាប់ក្នុងការប្រយុទ្ធគ្នាដែលបានផ្ទុះឡើងកាលពីពេលថ្មីៗនេះ។ មន្ត្រីអុីស្រាអែល បានបញ្ជាក់ពីការស្លាប់ពីរនាក់ ខណៈមនុស្ស១០នាក់ទៀតកំពុងត្រូវបាននិយោជកបញ្ជាក់។ រហូតមកដល់ពេលនេះ អត្តសញ្ញាណអ្នកស្លាប់មិនទាន់ត្រូវបានគេបង្ហាញជាសាធារណៈទេ»។
យោងតាមលោក Jakkapong ក្រសួងការបរទេសថៃបានកត់ត្រាថា ពលរដ្ឋថៃចំនួនប្រាំបីនាក់បានរងរបួសចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង ហើយ 11 នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស់។ បច្ចុប្បន្ន ឯកអគ្គរដ្ឋទូតថៃប្រចាំប្រទេសម៉ាឡេស៊ី កំពុងធ្វើការជាមួយតំណាងអាជ្ញាធរប៉ាឡេស្ទីន នៅទីក្រុងគូឡាឡាំពួ ដើម្បីសុំឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងខាងលើ។
ព័ត៌មានចុងក្រោយដែលបង្ហោះដោយ CNN បង្ហាញថា ពលរដ្ឋបរទេសជាច្រើនត្រូវបានសម្លាប់ ឬចាប់ធ្វើជាចំណាប់ខ្មាំងដោយកងកម្លាំងហាម៉ាស នៅពេលដែលខ្មាន់កាំភ្លើងរបស់អង្គការនេះបានរៀបចំការវាយប្រហារនៅក្នុងតំបន់ជាច្រើនដែលគ្រប់គ្រងដោយអុីស្រាអែល។
យោងតាមមេដឹកនាំភាគច្រើននៃព្រឹទ្ធសភាអាមេរិក លោក Chuck Schumer យ៉ាងហោចណាស់មានពលរដ្ឋអាមេរិកបួននាក់បានស្លាប់នៅក្នុងការវាយប្រហារដោយកងកម្លាំងហាម៉ាស “ហើយចំនួនអ្នកស្លាប់នឹងបន្តកើនឡើង” ។ ទន្ទឹមនឹងនេះដែរ សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាលអ៊ីស្រាអែលបាននិយាយថា យ៉ាងហោចណាស់មានពលរដ្ឋនេប៉ាល់ ១០នាក់ និងជនជាតិអ៊ុយក្រែន ២នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ នៅពេលការប្រយុទ្ធគ្នាផ្ទុះឡើង៕
រូបថត: AP