ភ្នំពេញ : តម្លៃសម្រាប់ឯកសណ្ឋានគោរមងារផ្លូវការរបស់
លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៦០០ដុល្លារ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ស្តីអំពីតម្លៃសម្រាប់ឯកសណ្ឋានគោរមងារផ្លូវការរបស់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។
សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មាន កិត្តិយសសូមគោរពជំរាបជូន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និង ឧកញ៉ា ទូទាំងព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបថា សមាគមមូល និធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានទទួលសិទ្ធតាម អនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ២២៦ អន ក្រ.បក ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីឯកសណ្ឋានគោរមងារផ្លូវការរបស់ អ្នកឧកញ៉ា ឧកញ៉ា នៃព្រះរាជណាចក្រកម្ពុជា ក្នុងការ រៀបចំកាត់ឯកសណ្ឋានគោរមងារផ្លូវការជូន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និង ឧកញ៉ាទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងពេលចូលរួមពិធីបុណ្យជាតិ បុណ្យប្រពៃណីជាតិ និងពិធីផ្លូវការផ្សេងៗ ក្នុងតម្លៃ ១ឈុត តែ ៦០០ (ប្រាំមួយរយ) ដុល្លារអាមេរិក ប៉ុណ្ណោះ ដែលក្នុងនោះមាន អាវ ១, ខោ ឬសំពត់១, ស័ក្តលើ ក១គូ, ស័ក្តលើ ស្មា១គូ និងស័ក្តលើដៃ១គូ ដោយមិនគិតពី កម្រៃសេវាអ្វីផ្សេងៗទៀតទេ។ ហើយជាពិសេសមានក្រុមការងារចុះវាស់វែងកាត់ឯកសណ្ឋាននេះដល់ទីតាំង ឬគេហដ្ឋានផ្ទាល់តែម្តង។
គោលបំណងរបស់ សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា គឺជាការផ្តល់នូវ កិត្តិយស និងដើម្បីមានឯកសណ្ឋានឯកភាពតែមួយក្នុងការស្លៀកពាក់ឯកសណ្ឋានគោរមងារផ្លូវការជូនលោកអ្នកឧកញ្ញ៉ា អ្នកឧកញ៉ និង ឧកញ៉ា នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការចូលរួមចំណែកក្នុងការជួយលើកស្ទួយវប្បធម៌ប្រពៃណីជាតិ និងការអភិវឌ្ឍប្រទេស ជាតិឱ្យកាន់តែរីកចម្រើន និងល្អប្រពៃថែមទៀតក៏ដូចសម្រាប់ប្រើប្រាស់ក្នុងពេលចូលរួមពិធីបុណ្យជាតិ បុណ្យប្រពៃណីជាតិ និងពិធីផ្លូវការ ផ្សេងៗ ទៅតាមគោរមងារ និងអតីតភាពនីមួយៗ ដូចមានចែងក្នុងព្រះរាជក្រឹត្យ និងអនុក្រឹត្យ ដើម្បីទទួលជ្រាប។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និង ឧកញ៉ា មេត្តាទទួលជ្រាបនូវសេចក្តីជូនដំណឹងនេះដោយសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់៕
ដោយ : សិលា