លោក Donald Tusk មេដឹកនាំគណបក្សប្រឆាំងទើបតែបានប្រកាសពីការចាប់ផ្តើមនៃសករាជថ្មីសម្រាប់ប្រទេសនេះ បន្ទាប់ពីគណបក្សប្រឆាំងហាក់ដូចជាទទួលបានសំឡេងគ្រប់គ្រាន់ក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី១៥ ខែតុលា ដើម្បីផ្តួលរំលំគណបក្សអភិរក្សជាតិនិយមដែលកំពុងកាន់អំណាច។
គណបក្សច្បាប់និងយុត្តិធម៌មានជម្លោះជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ហើយប្រឈមមុខនឹងការចោទប្រកាន់ពីបទបំផ្លាញនីតិរដ្ឋក្នុងអំឡុងពេលកាន់អំណាចរយៈពេលប្រាំបីឆ្នាំរបស់ខ្លួន។ វាហាក់ដូចជាអ្នកបោះឆ្នោតត្រូវបានគេកៀរគរច្រើនជាងរាល់ដង។ នៅកន្លែងខ្លះ មនុស្សនៅតែឈរតម្រង់ជួរនៅពេលការិយាល័យបោះឆ្នោតបិទ ប៉ុន្តែគ្រប់គ្នាត្រូវបានអនុញ្ញាតឱ្យបោះឆ្នោត។
បើលទ្ធផលផ្លូវការ ត្រឹមត្រូវតាមលទ្ធផលការិយាល័យបោះឆ្នោត គណបក្សច្បាប់និងយុត្តិធម៌ឈ្នះបានអាសនៈច្រើនជាងគណបក្សដទៃ ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីអាចដឹកនាំរដ្ឋាភិបាលដែលមានអំណាចអនុម័តច្បាប់ក្នុងសភា។
ការស្ទង់មតិដែលធ្វើឡើងដោយ Ipsos នៅការិយាល័យបោះឆ្នោត បានបង្ហាញថា គណបក្សច្បាប់និងយុត្តិធម៌ទទួលបាន 200 អាសនៈ។ ដៃគូដ៏មានសក្តានុពលរបស់គណបក្សនេះ គឺសម្ព័ន្ធស្តាំនិយម បានទទួលអាសនៈចំនួន 12 ដែលពួកគេបានទទួលស្គាល់ថាជាការបរាជ័យ។
ការស្ទង់មតិក៏បានបង្ហាញដែរថា គណបក្សប្រឆាំងទាំងបីទំនងជាទទួលបានអាសនៈសរុបចំនួន ២៤៨ នៅក្នុងសភាតំណាងរាស្រ្តដែលមាន ៤៦០ អាសនៈ។ ក្រុមធំជាងគេគឺសម្ព័ន្ធ Civic Alliance ដឹកនាំដោយលោក Tusk ដែលជាអតីតនាយករដ្ឋមន្ត្រី និងជាអតីតប្រធានសហភាពអឺរ៉ុប។ ការស្ទង់មតិបានបង្ហាញថា គណបក្សឈ្នះឆ្នោតទទួលបានការគាំទ្រ 31.6% ។
មេដឹកនាំគណបក្សច្បាប់និងយុត្តិធម៌ លោក Jaroslaw Kaczynski បានប្រាប់អ្នកគាំទ្រនៅទីស្នាក់ការថា ការឈ្នះឆ្នោតជិត 37% របស់គណបក្សរបស់គាត់ គឺជាជោគជ័យមួយ ដែលជួយគណបក្សនេះឈ្នះការបោះឆ្នោតសភាបីជាប់ៗគ្នា។
ប្រសិនបើលទ្ធផលត្រឹមត្រូវ ហើយគណបក្សច្បាប់និងយុត្តិធម៌ គឺជាគណបក្សតែមួយគត់ដែលមានអាសនៈច្រើនជាងគេនោះ ទំនងជាមានឱកាសដំបូងរបស់ខ្លួនក្នុងការបង្កើតរដ្ឋាភិបាល។ ប្រធានាធិបតី Andrzej Duda ដែលជាសម្ព័ន្ធមិត្តរបស់គណបក្សច្បាប់និងយុត្តិធម៌ មានសិទ្ធិជ្រើសរើសគណបក្សមួយដើម្បីបង្កើតរដ្ឋាភិបាល។
លទ្ធផលនៃការបោះឆ្នោតនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនាក់ទំនងរវាងប៉ូឡូញ នឹងអ៊ុយក្រែន។ គណបក្សឈ្នះឆ្នោត បានធ្វើយុទ្ធនាការលើសារប្រឆាំងអ៊ុយក្រែនដោយអះអាងថាទីក្រុងគៀវមិនដឹងគុណបន្ទាប់ពីប៉ូឡូញបានជួយក្នុងជម្លោះជាមួយរុស្ស៊ី៕ ដោយធីរីណា
រូបថត:AP