ភ្នំពេញ : សារលិខិតជូនពរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសចម្រើនជន្មាយុគម្រប់៤៦ឆ្នាំ ឈានចូល៤៧ឆ្នាំ
សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់!
នាឱកាសដ៏នក្ខត្តឫក្សប្រសើរថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់៤៦ឆ្នាំ ឈានចូល៤៧ឆ្នាំ របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងក្នុងនាមខ្លួនខ្ញុំ ផ្ទាល់ ព្រមទាំងភរិយា ខ្ញុំសូមអភិវន្ទសម្ដែងនូវមនោសញ្ចេតនាគោរពស្រលាញ់ដ៏ស្មោះស្ម័គ្រ និងសូមឧទ្ទិសបួងសួងដល់ គុណបុណ្យបារមីនៃវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហា ប្រសើរគ្រប់ប្រការ គោរពជូនចំពោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី សូមប្រកបដោយសុខភាពល្អបរិបូណ៍ កម្លាំង ពលំមាំមួន បញ្ញាញាណភ្លឺថ្លា មានសុខសុភមង្គលក្នុងក្រុមគ្រួសារ និងបន្តសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត។
យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងកោតស្ញប់ស្ញែងអស់ពីដួងចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពស្វាហាប់ សកម្មភាពរស់រវើក ពោរពេញដោយសក្តានុពល និងប្រជាប្រិយភាព ខ្លាំង ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានភារកិច្ចជាចម្បងបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងបន្តដឹកនាំការអភិវឌ្ឍប្រទេសកម្ពុជាឱ្យ កាន់តែមានវិបុលភាព និងភាពរីកចម្រើនជឿនលឿនមួយកម្រិតទៀតជូនប្រជាជនកម្ពុជា។ យើងខ្ញុំមានមោទនភាព បំផុតចំពោះសមិទ្ធផលដែល សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី សម្រេចបានក្នុងរយៈពេលដ៏ខ្លី ចាប់ពីការចាប់ផ្តើមន នីតិកាលទី៧នៃរដ្ឋសភានេះ។ ក្នុងនោះ ការដាក់ឱ្យអនុវត្ដនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ព្រមទាំង កម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងគោលនយោបាយជាច្រើន ផ្សេងទៀត បានបង្ហាញឱ្យប្រជាជនទូទៅបានឃើញពីចក្ខុវិស័យវែងឆ្ងាយនិងច្បាស់លាស់ សមត្ថភាពដ៏ប៉ិនប្រសប់ និង ឆន្ទៈដ៏មុតមាំរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការបន្តអភិវឌ្ឍប្រទេសជាតិ និងឆ្លើយតបទៅនឹងរាល់តម្រូវការ របស់ប្រជាជនពីគ្រប់មជ្ឈដ្ឋាន។ ជាមួយគ្នានេះ សកម្មភាពរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងបេសកកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំសំខាន់ៗកម្រិតអន្តរជាតិកន្លងមកនេះ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តមិនរារែក ក្នុងការការពារផលប្រយោជន៍របស់ប្រទេសជាតិ ព្រមទាំងសមត្ថភាពការទូត ដ៏ប៉ិនប្រសប់ក្នុងការរួមចំណែកស្មើមុខស្មើមាត់ជាមួយប្រទេសដទៃ ក្នុងការកំណត់ទិសដៅគោលនយោបាយ និងវិធានការ សំខាន់ៗក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ការថែរក្សាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់និង សកលលោកទាំងមូល។ ក្នុងនាមជាកូនខ្មែរ សកម្មភាពទាំងនេះបានផ្ដល់នូវភាពកក់ក្តៅ និងមោទនភាព និងជាពិសេស បានពង្រឹងបន្ថែមទៀតនូវក្តីរំភើប និងក្តីសង្ឃឹមចំពោះអនាគតដ៏រុងរឿង និងត្រចះត្រចង់របស់ប្រទេសកម្ពុជាទាំងមូល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។
យើងខ្ញុំទាំងអស់គ្នា សូមឆ្លៀតឱកាសដ៏វិសេសវិសាលនេះ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដោយឥតងាករ និង ស្មារតីខិតខំប្រឹងប្រែងបំពេញភារកិច្ចមិនខ្លាចនឿយហត់ និងលះបង់កម្លាំងកាយចិត្ត ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការសម្រេចនូវបេសកកម្មដ៏មហាបវរថ្លៃថ្លាសម្រាប់ជាប្រយោជន៍ជូន ជាតិ និងប្រជាជនកម្ពុជាទាំងអស់គ្នា។
ក្នុងឱកាសដ៏មង្គលាភិរម្យប្រពៃថ្លៃថ្លានៃអាយុវឌ្ឍនមង្គលនេះ យើងខ្ញុំទាំងអស់គ្នា ! សូមគោរពជូនពរជាថ្មីម្តង ទៀតជូនចំពោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ សូម ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវភក្តីដ៏ ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ ៕