កំហឹងបានរីករាលដាលពាសពេញមជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង ខណៈដែលមនុស្សរាប់ពាន់នាក់បានដើរតាមផ្លូវដើម្បីតវ៉ាប្រឆាំងនឹងអុីស្រាអែល បន្ទាប់ពីការវាយប្រហារលើមន្ទីរពេទ្យ Al-Ahli al-Arabi នៅហ្គាហ្សា
ស្ទ្រីប។
ការតវ៉ាបានផ្ទុះឡើងនៅក្នុងប្រទេសហ្ស៊កដានី ទួរគីយ៉េ លីបង់ អុីរ៉ង់ និងអុីរ៉ាក់ ព្រមទាំងទីក្រុងវេសប៊ែង ដូចជារ៉ាម៉ាឡា។ រលកនៃការតវ៉ាបានកើតឡើងបន្ទាប់ពីមន្ទីរពេទ្យ Al-Ahli al-Arabi ត្រូវបានទម្លាក់គ្រាប់បែកដែលបានក្លាយជាការវាយប្រហារតែមួយគត់ដែលមានមនុស្សស្លាប់ច្រើនបំផុត ចាប់តាំងពីសង្គ្រាមហាម៉ាស់ និងអុីស្រាអែលបានផ្ទុះឡើងកាលពីថ្ងៃទី 7 ខែតុលា។
ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាស្ទ្រីប បាននិយាយថា យ៉ាងហោចណាស់មនុស្ស 500 នាក់ត្រូវបានសម្លាប់នៅពេលដែលគ្រាប់បែកមួយគ្រាប់បានធ្លាក់ចំកណ្តាលមន្ទីរពេទ្យ ដែលប្រជាជនប៉ាឡេស្ទីនដែលបានបាត់បង់ផ្ទះសម្បែងកំពុងលាក់ខ្លួន។
ចាប់តាំងពីអុីស្រាអែលបានចាប់ផ្តើមការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃទី 7 ខែតុលាមក មនុស្សរាប់ម៉ឺននាក់នៅហ្គាហ្សាស្ទ្រីបបានរត់ទៅមន្ទីរពេទ្យដើម្បីជ្រក។ អង្គការសុខភាពពិភពលោកបានថ្កោលទោសការវាយប្រហារដោយទាមទារការការពារជាបន្ទាន់ដល់ជនស៊ីវិលនិងបុគ្គលិកពេទ្យនៅតំបន់ដីដែលជនជាតិប៉ាឡេស្ទីនរស់នៅ។
ប្រជាជនទូទាំងប្រទេសអារ៉ាប់បានសម្តែងការខឹងសម្បាបន្ទាប់ពីបានឃើញទិដ្ឋភាពនៃការបំផ្លិចបំផ្លាញមន្ទីរពេទ្យ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Al Jazeera ការតវ៉ាបានកើតឡើងនៅក្នុងទីក្រុងជាច្រើនរបស់អុីរ៉ង់ បន្ទាប់ពីការវាយប្រហារ។
នៅរដ្ឋធានី Tehran ក្រុមបាតុករបានផ្លាស់ប្តូរពីទីលានប៉ាឡេស្ទីនទៅកាន់ស្ថានទូតបារាំង ដើម្បីស្រែកពាក្យស្លោកប្រឆាំងអំពើហិង្សា។ កន្លងមក មេដឹកនាំកំពូលរបស់អុីរ៉ង់ លោក Ayatollah Ali Khamenei បានហៅការវាយប្រហាររបស់អុីស្រាអែលលើតំបន់ Gaza Strip ថាជាទង្វើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន និងបានស្នើឱ្យអុីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែកជាបន្ទាន់។
នៅទីក្រុងអុីស្តង់ប៊ុល មនោសញ្ចេតនាប្រឆាំងអុីស្រា
អែលក៏បានកើនឡើងខ្ពស់ផងដែរ ដែលឆ្លុះបញ្ចាំងនៅក្នុងចលនាតវ៉ានៅតាមដងផ្លូវ។ ក្រុមអ្នកតវ៉ាក៏បានព្យាយាមសម្រុកចូលស្ថានកុងស៊ុលអុីស្រាអែលដែរ ប៉ុន្តែប៉ូលិសបានធ្វើអន្តរាគមន៍ និងរារាំងតំបន់នោះ៕ ដោយធីរីណា
រូបថត: Reuters