ខេត្តព្រះវិហារ : ក្រុមការងារថែទាំផ្លូវថ្នល់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានធ្វើការជួលជុល ថែទាំផ្លូវជាតិលេខ៩៤(ក្រាលដីល្បាយថ្ម ) ចាប់ពីស្រុកឆែប ដល់កំពង់ស្រឡៅមួយ(ព្រំដែនកម្ពុជា-ឡាវ ) ប្រវែងសរុប ៥៤.៩គ.ម។ នេះជាការបញ្ជាក់ពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានបន្តថា, បន្ទាប់ពីមានភ្លៀងជោគជាំនាពេលកន្លងមក ថ្ងៃនេះក្រុមការងារថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើការ កៀរសម្រួល ថែមដី ស្រោចទឹកកិនបង្ហាប់ឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋទៅកាន់ទីផ្សារផងដែរ។
ទន្ទឹមនឹងការដែលមានផ្លូវថ្នល់ស្អាតល្អ សូមពុកម៉ែ បងប្អូន ប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ សូមកុំបំពានយកដីចំណីផ្លូវមកធ្វើអាជីកម្ម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ជៀសវាងការចាក់ដីខ្ពស់ជាងផ្លូវ និងកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ៕
ដោយ : សហការី