ភ្នំពេញ៖ វីដេអូឃ្លីប ដែលបង្ហាញរូបភាពបុរសម្នាក់ ស្រែកទ្រហោយំ គ្រាន់តែនគរបាលខេត្តកោះកុង រើចេកទម្លាក់ដើម្បីកកាយរកឈើប្រណីត លាក់ក្នុងគំនរចេក ។ វីដេអូនេះបានធ្វើឲ្យមហាជនខ្លោចចិត្តអាណិតអ្នករកស៊ីស្របច្បាប់ ហើយត្រូវបានគេបំពានខណៈដែលម្ចាស់ចេកប្រាប់ថាលុយដែលរកទទួលទានគឺបានមកពីការខ្ចីបុលធនាគារ ។ ដូចនេះហើយទើបមានសប្បុរសជនមួយចំនួនបានផ្តល់ជាប្រាក់ឧបត្ថម្ភសម្រាប់ជួយប៉ះប៉ូវដល់ការខូចខាត និងខកខានទៅប្រកបរបររកស៊ីដូចសព្វដងនោះ។
សប្បុរជនដែលបានប្រគល់ថវិកាជូនដល់ឡានដឹកចេកដែលមានលោកសុខ រតនា ហៅវិត អាយុ២៦ឆ្នាំ និងភរិយាគង់ វ៉ាន់លី អាយុ២១ឆ្នាំបានទទួលថវិកាពីព្រះអង្គ នី សុវណ្ណមុនីរ៉េត គង់នៅកុដិ២៤ នៃវត្តនាគវ័ន រាជធានីភ្នំពេញ ព្រមទាំងសប្បុរសជនមួយចំនួនទៀត។ តាមការឲ្យដឹងពីសំណាក់ព្រះអង្គ នី សុវណ្ណមុនីរ៉េត បានមានសង្ឃដិកាថា ដោយមានភារកិច្ចជាប់រវល់ព្រះអង្គបានពឹងអាស្រ័យលោកសន សម្ជស្ស ជាភ្នាក់ងារយកព័ត៌មានប្រចាំទូរទស្សន៍ហង្សមាស និងវិទ្យុហង្សមាសប្រចាំខេត្តកោះកុងបានយកបច្ច័យចំនួន៨០ម៉ឺនរៀលទៅជូនដល់គ្រួសារដឹកចេកដែលគាត់ជួបការខ្វះខាតព្រមទាំងជំពាក់លុយធនាគារដើម្បីឲ្យពួកកាត់បានដោះស្រាយជាមួយធនាគារទាន់ពេលវេលាព្រោះអាត្មាផ្ទាល់មើលទៅគាត់ពិតជាត្រូវការប្រាក់សងថ្លៃធនាគារគ្រាដែលគាត់ទាំង២ខំប្រឹងធ្វើការដោះស្រាយជីវភាពតាមរយៈអាជីពលក់ចេកនេះដោយមិនគួរណាជួបរឿងចៃដន្យបែបនេះឡើយ។
លោកសុខ រតនា និងភរិយា គង់ វ៉ាន់លី បានថ្លែងអំណរគុណដល់ព្រះអង្គ នី សុវណ្ណមុនីរ៉េត ដែលបានជួយសម្រួលកិច្ចការចំពោះមុខគ្រាដែលក្រុមគ្រួសារលោកត្រូវការប្រាក់សងថ្លៃជំពាក់ធនាគារពិតជាមានទាន់សភាពការព្រមទាំងសម្បុរជនមួយចំនួនទៀតពិតជារំភើបហើយសម្រាលដល់ភាពលំបាកបានច្រើនសូមជួបប្រទះតែសេចក្តីសុខចម្រើន និងសុខភាពល្អផងដែរ។
គួរបញ្ជាក់ថា គ្រាដែលចាំឃ្លាំមើលសកម្មភាពរកទំនិញខុសច្បាប់បង្កប់ក្រោមចេកដោយលើកចេកបោះទម្លាក់ពីរថយន្តរកមិនឃើញស្រាប់តែលោកស្នងការរង យឹម ផេង លោកព្រះរាជអាជ្ញារង អ៊ីវ ត្រាយ និងមន្ត្រីមេព្រៃដែលរំពឹងថា រកបានស្នាដៃមួយក្រឺតទៀតនោះខ្លះបានគេចមុខម្តងមួយៗខ្លះចូលឡាន និងចូលក្នុងបន្ទប់បាត់ បន្ទាប់ពីឆែកអត់ឃើញទំនិញអីក្រៅពីចេក។ រឿងនេះបានបង្កឲ្យសង្គមហ្វេសប៊ុកមានការខឹងសម្បារគ្រាពួកគាត់អាណិតម្ចាស់ឡានដឹកចេកយំសំពះស្រែករកយុត្តិធម៌រកពឹងឲ្យ សម្តេចតេជោ ជួយព្រោះសង្ឃឹមតែរឿងលក់ចេកជាអាជីពប្រចាំថ្ងៃ ហើយគ្មានអ្នកណាទទួលខុសត្រូវខូចខាតចេកជាង២០០០ពាន់ស្និតត្រូវរលួយជាំអស់គ្មានប្រាក់ទៅបង់ធនាគារឡើយ។ បុរសម្ចាស់ចេកអះអាងថា ក្នុងរថយន្តរបស់ខ្លួនគ្មានឈើប្រណីតកប់លាក់ដូចការសង្ស័យរបស់នគរបាលនោះឡើយ ។ ប៉ុន្តែនគរបាលហាក់ដូចប្រាកដប្រជាថា មានឈើលាក់ក្នុងគំនរចេកលើរថយន្តនោះ ទើបសម្រេចកាយចេកទម្លាក់ចុះពីលើរថយន្តដើម្បីរកឈើ។
ទិដ្ឋភាពបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំងចំពោះសមត្ថកិច្ចខេត្តកោះកុង ។ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានផ្តល់ក្តីសង្ឃឹមថា ស្ថាប័នថ្នាក់ជាតិ គឺក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ និងពិនិត្យស្រាវជ្រាវរឿងនេះឡើងវិញ ហើយបង្ហាញលទ្ធផល ដើម្បីឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នកលេងហ្វេសប៊ុកបានដឹង ៕
ដោយ៖ វឌ្ឍនា