ក្រុមហ៊ុនផលិតរថយន្ត Mitsubishi Motors នៅប្រទេសថៃនៅតែមានសុទិដ្ឋិនិយមចំពោះការលក់ក្នុងស្រុកនិងការនាំចេញរបស់ខ្លួនដដែល។
លោក Morikazu Chokki ប្រធានប្រតិ បត្តិនិងជាប្រធានក្រុមហ៊ុនបានមានប្រសាសន៍ថា ការលក់របស់ក្រុមហ៊ុននឹងកើនឡើងសម្រាប់ពាក់កណ្តាលទី២នៃឆ្នាំសារពើពន្ធនេះដោយសារតែការងើបឡើងនៃការលក់រថយន្ត Pajero Sport Pickup។
ក្រុមហ៊ុននេះបានរាយការណ៍ថា រថ យន្តចំនួន៦៣.៥៨១គ្រឿងត្រូវបានលក់ អស់ត្រឹមខែមីនាឆ្នាំ២០១៥ ពោលគឺកើន ឡើង៨ភាគរយ។
កាលពីឆ្នាំមុនក្រុមហ៊ុននាំរថយន្តចេញចំនួន៣០២.៤០៤គ្រឿងពោលគឺធ្លាក់ចុះ ៥,៥ភាគរយ។
ក្រុមហ៊ុន Mitsubishi នេះបានរំពឹងថានឹងនាំរថយន្តចេញចំនួន៣៣៦.០០០ គ្រឿងក្នុងឆ្នាំសារពើពន្ធនេះពោលគឺកើនឡើង១១ភាគរយបើធៀបនឹងឆ្នាំមុន។
ទោះបីជាយ៉ាងណាក៏ដោយលោក Chokki ក៏មិនបានផ្តល់នូវការព្យាករចំពោះកំណើននៃការលក់ក្នុងស្រុកដែរ។
ក្រុមហ៊ុននៅប្រទេសថៃនេះបានទទួលបន្ទុកក្នុងការចែកចាយការផលិតនិងនាំចេញរថយន្តក្នុងតំបន់ចាប់តាំងពីឆ្នាំ១៩៨៧មក។
រោងចក្រផលិតនៅប្រទេសថៃគឺជាតំបន់ផលិតធំជាងគេបំផុតសម្រាប់ក្រុមហ៊ុននេះ ពោលគឺគ្រប់គ្រងប្រហែលជា៣០ភាគរយទៅលើការនាំចេញសរុប។
លោក Chokki បានបញ្ជាក់ទៀតថា ការលក់រថយន្តរបស់ក្រុមហ៊ុន Mitsubishi Motors នៅក្នុងរយៈពេល២ខែដំបូង (មេសា និងឧសភានៃឆ្នាំសារពើពន្ធនេះបានកើនឡើង១១,៣ភាគរយដល់ចំនួន៧.៨៥៦ គ្រឿង។
ទោះបីជាយ៉ាងណាក៏ដោយលោក Chokki បានមានប្រសាសន៍ថា ទីផ្សាររថ យន្តទាំងមូលរបស់ថៃនឹងនៅតែមានភាពមិនកក់ក្តៅដដែលដោយសារតែលក្ខខណ្ឌសេដ្ឋកិច្ចដ៏ខ្សោយនិងផលប៉ះពាល់ដោយសារតែគម្រោងអ្នកទិញរថយន្តថ្មីជាលើកដំបូងរបស់រដ្ឋាភិបាល។
លោកបានបន្ថែមទៀតថា វាពិបាកក្នុងការទស្សន៍ទាយពីនិន្នាការទីផ្សារនេះដោយសារតែថៃរងឥទ្ធិពលដោយសារតែកត្តាអវិជ្ជមានជាច្រើនដោយរួមមានពន្ធអនុវត្តថ្មី ដែលចូលជាធរមានកាលពីដើមឆ្នាំនេះ ហើយនិងលក្ខខណ្ឌមិនអំណោយផលនៃសេដ្ឋកិច្ចប្រទេស៕
ដោយ៖ រ័ត្ន