ខេត្តប៉ៃលិន ៖ ខ្ទីង២ក្បាល មេ និងកូនបានជាប់អន្ទាក់របស់ព្រានព្រៃបណ្ដាលឲ្យងាប់ទាំងពីរក្បាលយ៉ាងអាណោចអាធ័ម ។ ក្រុមមន្ត្រីអនុរក្សដើរល្បាតប្រទះឃើញសត្វខ្ជឹងទាំងនេះនៅរស់ តែមិនអាចជួយសង្គ្រោះបាន ព្រោះតែខ្វះឧបករណ៍ជួយសង្គ្រោះ ។
ករណីនេះបានភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភ្នំល្មៀត ត្រង់ចំណុចសំឡូត-ប៉ៃលិន ជាប់ភូមិដំបង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលនៅតំបន់នោះ សំបូរទៅដោយក្រុមព្រានព្រៃដាក់អន្ទាក់ចាប់សត្វ ។
មន្ត្រីឧទ្យានុរក្ស និងមន្ត្រីអង្គការ mjp ដែលសហការគ្នាដើរល្បាតនៅក្នុងព្រៃដើម្បីបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃ បានអោយដឹងថា កម្លាំងបានដើរល្បាតដល់ចំណុចខាងលើ ក៏ប្រទះឃើញសត្វខ្ទីងមេ និងកូនមានទម្ងន់សរុបជាង១តោនបានជាប់អន្ទាក់ព្រានព្រៃទាំងពីរក្បាលមិនដឹងជាប់អន្ទាក់តាំងពីពេលណាមកនោះទេ តែនៅរស់នៅឡើយ ដោយគ្រាន់តែអស់កំលាំងខ្សោយទៅៗ ហើយដោយសារកម្លាំងសមត្ថកិច្ចមិនមានឧបករណ៍ជួយសង្គ្រោះទាន់ពេលវេលាបណ្ដាលអោយសត្វខ្ទីងទាំងពីរក្បាលងាប់ជាបន្តបន្ទាប់ ។
មន្ត្រីខាងលើបានបន្ថែមថា ក្រោយសត្វខ្ទីងទាំងពីរក្បាលងាប់ មន្ត្រីអនុរក្សក៏បានសំរេចដុតចោលនៅនឹងកន្លែងតែម្ដង ហើយបាននាំគ្នាដើររកអន្ទាក់ផ្សេងៗទៀតដើម្បីបំផ្លាញចោល ព្រោះនៅចំណុចខាងលើសំបូរប្រជាពលរដ្ឋនាំគ្នាដាក់អន្ទាក់យកសត្វ មិនថាសត្វតូចឬសត្វធំនោះទេ ។
តាមការអះអាងបញ្ជាក់ថា សត្វខ្ទីងនៅតំបន់ខាងលើ បច្ចុប្បន្នមាននៅសល់ប្រមាណ១០ក្បាលប៉ុណ្ណោះ ៕
ដោយ៖ ថាច់ យ៉ាត