ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ នគរបាលខណ្ឌពោធិសែនជ័យ បានបញ្ជូនស្រ្តីគ្រូទាយជើងល្អទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធសកម្មភាពបោកជនរងគ្រោះមួយគ្រួសារ អស់១៦០០០ដុល្លារ ។
ស្របពេលដែលសមត្ថកិច្ចបញ្ជូនជនសង្ស័យទៅតុលាការនោះ ក៏មានជនរងគ្រោះជាបន្តបន្ទាប់ មកដាក់ពាក្យបណ្តឹងនៅកន្លែងអធិការខណ្ឌ ដោយសារតែបានចាញ់បោក អស់លុយអស់កាក់នាពេលកន្លងទៅ ដែលសរុបទឹកប្រាក់ជាង៦០ម៉ឺនដុល្លារ។
សមត្ថកិច្ចបានឃាត់ខ្លួនស្រ្តីគ្រូទាយជើងល្អ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិប៉ប្រកខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលស្រ្តីគ្រូទាយរូបនេះ កំពុងបោកប្រជាពលរដ្ឋមួយគ្រួសារនោះ ។
អធិការនគបាលខណ្ឌពោធិ៍សែនជ័យឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ មានម្ដាយ និងកូនពីរនាក់ ដោយម្តាយឈ្មោះ រិតទូច អាយុ៥២ឆ្នាំ មុខរបរលក់បាយ និងកូនស្រីឈ្មោះ សុខ ចាន់ណា អាយុជាង៣០ឆ្នាំ មុខរបរលក់បាយ បានទៅរកគ្រូទាយឈ្មោះ កាំងបៀង ភេទស្រី អាយុ ៣៥ឆ្នាំរស់នៅភូមិប៉ប្រកខាងត្បូង ដោយឲ្យគ្រូទាយ អំពីការងាររកស៊ី និងកាលក់ផ្ទះនិងដី។
ស្រាប់តែពេលទៅជួបជនសង្ស័យ ក៏គ្រូទាយបោករូបនេះបានប្រាប់ថា មិនបាច់លក់ផ្ទះទេ ពីព្រោះផ្ទះនោះមានកំណប់ ។
ប្រភពបន្តថា លុះមកនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ឪពុករបស់ជនរងគ្រោះ ឈ្មោះ កែវ ចន អាយុ៧០ឆ្នាំ ក៏បានជីករកកំណប់ខាងក្រោយផ្ទះដោយគ្រូទាយតំរូវឲ្យដាក់លុយតម្កល់ចំនួន ៧,០០០ដុល្លារ ដោយតាមអាយុឪពុក។
ប៉ុន្តែជនរងគ្រោះជីករកពុំឃើញ លុះដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ គ្រូទាយតំរូវឲ្យអ្នកទាំងបីនាក់បូកអាយុទាំងបីនាក់ គឺបន្ថែមលុយចំនួន ៩,០០០ដុល្លារទៀត គ្រូទាយបានឲ្យជនរងគ្រោះ បន្តជីករកកំណប់នៅម៉ោង ៨ព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ ។
ពេលជីកគ្រូទាយក៏មក ពេលនោះជនគ្រោះក៏បានឃើញរូបចំលាក់ត្រីរ៉ស់ចំនួនពីរ ហើយគ្រូទាយបានឲ្យជនរងគ្រោះយករូបចំលាក់ត្រីដាក់ត្រាំទឹកអាស៊ីត ប៉ុន្តែពេលកំពុងត្រាំត្រីក្នុងទឹកអាស៊ីត ឈ្មោះ សន កែវ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកធនាគារ ក៏មកដល់ឃើញបែបនេះ យល់ថា ក្រុមគ្រួសារចាញ់បោកគ្រូទាយ ក៏បានប្តឹងមកសមត្ថកិច្ចជួយអន្តរាគមន៍ ចុះទៅឃាត់ខ្លួនជនសង្ស័យរូបនេះតែម្តង ។
ពេលនេះ ស្រ្តីគ្រូទាយជើងល្អខាងលើត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការហើយ ៕
ដោយ៖ ថាច់ យ៉ាត