ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីអាជ្ញាធរខណ្ឌដង្កោបានឱ្យដឹងថា ស្ថានភាពទឹកជំនន់តាមសណ្តរស្ទឹងព្រែកត្នោត នៃមូលដ្ឋាន ខណ្ឌ ដង្កោ រាជធានីភ្នំពេញ គិតត្រឹមវេលាម៉ោង៦ និង៤៧នាទីព្រឹកថ្ងៃ ទី ២០ ខែតុលា ឆ្នាំ២០២៣នេះ បានបណ្តាលឲ្យរងផលប៉ះពាល់ប្រមាណ ០៩សង្កាត់ ស្មើ ៤១ភូមិ ដោយ បាន ជន់ លិចផ្ទះ ៩៣៣ខ្នង មាន ១០០៥គ្រួសារ ដែលមានមនុស្ស ៣៧២៦នាក់ ។
ក្នុងនោះបានប៉ះពាល់ផ្លូវ ចំនួន ១០ខ្សែ សាលារៀន ចំនួន ០២ មណ្ឌលសុខភាព ចំនួន ០១ វត្ត ចំនួន ០៣ សាលាសង្កាត់ ចំនួន ០២ និងប៉ុស្តិ៍រដ្ឋបាល ចំនួន ០២ ។
មន្ត្រីជំនាញបញ្ជាក់ថា ទំនប់ ៧មករា កម្ពស់ទឹកខាងមុខទ្វា មានកម្ពស់ ៥,៨៥ម៉ែត្រ ខ្ពស់ ជាង ទំនប់ បង្ហៀរ ១,០៥ម៉ែត្រ ។ កម្ពស់ទឹកខាងក្រោយទ្វាមានកម្ពស់ ៨,៦៨ម៉ែត្រ កើនឡើង ០,៩៣ ម៉ែត្រ ។ កម្ពស់ទឹកក្រោយទ្វា ៧,០០ម៉ែត្រ កម្ពស់ទឹកមុខ និង ក្រោយទ្វាខុសគ្នា ០,១៧ម៉ែត្រ ។
ជាមួយគ្នានោះ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធក៏បានត្រៀមខ្លួនរួចរាល់ ក្នុងការជម្លៀសពលរដ្ឋ សត្វពាហនៈ និងទ្រព្យសម្បត្តិមួយចំនួនទៅកាន់ទីទួលសុវត្ថិភាព ក្នុងករណីទឹកហក់ឡើងខ្លាំងផងដែរ ៕
ដោយ ៖ ភារ៉ា ដង្កោ