ក្រសួងការងារបើកវគ្គវិក្រឹតការគ្រូបច្ចេកទេស ដើម្បីត្រៀមបណ្តុះបណ្តាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ១.៥លាននាក់

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បានបើកវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

វគ្គវិក្រឹតការនេះគឺជាវគ្គទី១ ដែលបណ្តុះបណ្តាលគ្រូឧទ្ទេសចូលរួមប្រមាណ២៤៨នាក់ មកពីសាលាបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេស។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វគ្គវិក្រឹតការនេះធ្វើឡើង ដើម្បីពង្រឹងនិងពង្រីកចំណេះដឹង និងជំនាញរបស់គ្រូឧទ្ទេសឱ្យកាន់តែស៊ីជម្រៅតាមជំនាញនីមួយៗ ជាពិសេសមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ម៉ូឌុលតាមជំនាញក្នុងការផ្ទេរចំណេះដឹង និងជំនាញដល់សិក្ខាកាម សិស្ស និស្សិតឱ្យមានកម្រិតស្តង់ដារជាក់លាក់ច្បាស់លាស់។ 

បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានរំលឹកដល់គ្រូឧទ្ទេសអំពីដើមចមនៃការរៀបចំកម្មវិធីបណ្តុះបណ្តាលជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះនេះ ថាជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលបំណងធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះអាចទទួលបាននូវជំនាញច្បាស់លាស់ ដើម្បីអាចទទួលបានឱកាសការងារសមរម្យ និងឆាប់រហ័សក្នុងទីផ្សារការងារ។

លោករដ្ឋមន្ត្រីបានបន្តថា កម្មវិធីបណ្ដុះបណ្ដាលនេះក៏ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលអាចចាកចេញពីស្ថានភាពក្រីក្រលំបាកយ៉ាងឆាប់រហ័ស។ តាមរយៈការបណ្តុះបណ្តាលកម្រិតជាតិនេះ យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនឹងក្លាយជាកម្មករជំនាញ អ្នកបច្ចេកទេស ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា វគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» នេះ នឹងចាប់ផ្តើមបណ្តុះបណ្តាលចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយក្រសួងក៏នឹងបន្តវគ្គវិក្រឹតការជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពដល់គ្រូឧទ្ទេសទៅតាមនិយាមស្តង់ដារ ក្នុងគោលបំណងធានាការផ្ទេរចំណេះដឹង ជំនាញដល់យុវជនគោលដៅទាំងនោះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print