សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងផ្តល់អត្ថប្រយោជន៍ច្រើនជូនដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺជាយន្តការថ្មី ធ្វើឡើងមិនមែនបង្ខិតបង្ខំប្រជាពលរដ្ឋ ឱ្យទៅប្រើសេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការទាំងអស់នោះទេ តែគឺជាជម្រើសបន្ថែមសម្រាប់ប្រជាពលរដ្ឋ ។ យន្តការនេះមិនមែនបង្កើតឡើង មានគោលដៅចាប់បង្ខំប្រជាពលរដ្ឋឱ្យជ្រើសជំរើសតែ១នោះទេ គឺជាការស្ម័គ្ររបស់ប្រជាពលរដ្ឋ ដោយផ្តល់ភាពស្របច្បាប់ជូនតែប៉ុណ្ណោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាជម្រើស និងជួយដោះស្រាយជូន ដោយគ្រាន់តែធ្វើយ៉ាងណាឱ្យមានប្រថាប់ត្រាបន្ថែម នូវការដោះស្រាយក្រៅប្រព័ន្ធតុលាការនេះ ឱ្យមានទំងន់ខាងផ្លូវច្បាប់ កុំឱ្យយន្តការសម្របសម្រួលក្រៅផ្លូវការហើយ គ្មានអ្វីបញ្ជាក់ អាចធ្វើឱ្យភាគី ទាំងអស់មិនអាចគោរពគ្នា ពីព្រោះនៅតុលាការមានស្រាលក្រម ប៉ុន្តែការដោះស្រាយក្រៅប្រព័ន្ធតុលាការ ប្រៀបដូចជាអាជ្ញាកណ្តាលដូចនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ ដោយមិនចាច់ទៅតុលាការ តែមានជម្រើសផ្សេងទៀត។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ថា គ្រប់រឿងវិវាទខ្លះ អត់ចាំបាច់ត្រូវឡើងទៅតុលាការទេ បើតុលាការមានសំណុំរឿងច្រើនកាន់តែត្រូវប្រើពេលវេលាយូររង់ចាំដោះស្រាយ និងបង្កើតការចំណាយច្រើនដល់ប្រជាពលរដ្ឋ។ ដូច្នេះសង្ឃឹមថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលានេះ អាចជួយប្រជាពលរដ្ឋបានកាន់តែច្រើន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ដើម្បីការអនុវត្តមានប្រសិទ្ធភាពត្រូវជំរុញឱ្យមានការផ្សព្វផ្សាយពីយន្តការថ្មីនេះឱ្យបានទូលំទូលាយ ដើម្បីពន្យល់ដល់មហាជនឱ្យបានយល់ពីច្បាប់ យល់ពីជម្រើសនីតិវិធីនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៕

...


ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print