ភ្នំពេញ៖ រថយន្តដឹកដីមួយគ្រឿងដែលបើកខ្វះការប្រុងប្រយ័ត្នហើយដល់ចំណុចផ្លូវកោងឡើងជែងរថយន្តមួយទៀត ក៏បានរេចង្កូតទៅបុកនឹងរថយន្តឡិចស៊ីសRX330 បណ្តាលឲ្យក្រឡាប់ផ្ងាជើង ហើយអ្នកជិះក្នុងរថយន្តឡិចស៊ីសសំណាងមួយក្នុង១ពាន់គ្រោះថ្នាក់ ដែលទាំង៤នាក់ត្រូវបានរួចផុតពីគ្រោះថ្នាក់ ហើយអ្នកបើកបររថយន្តដឹកដីបង្កហេតុក៏រត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវក្រុមហ៊ុន ថៃហ្គើរ ស្ថិតក្នុងភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តដឹកដីបានបើកចេញពីស្ពានព្រែកសំរោងសំដៅមកផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត ហើយមកចំណុចផ្លូវកោងកន្លែងកើតហេតុ រថយន្តដឹកដីបានព្យាយាមបើកប្រជែងនិងរថយន្តលាយស៊ីម៉ង់ត៍មួយគ្រឿងទៀត ក្នុងស្ថានភាពផ្លូវមានឧបស័គ្គក៏រេចង្កូតបុកចំរថយន្តឡិចស៊ីសRX330 ពណ៌ស ខ្ទាត់ចេញពីផ្លូវចំងាយ២០ម៉ែត្រ ហើយអ្នកជិះក្នុងរថយន្តចំនួន៤នាក់ សំណាងល្អបំផុតរួចផុតពីគ្រោះថ្នាក់ ប៉ុន្តែអ្នកបើកបររថយន្តដឹកដីបានគេចខ្លួនដោយសុវត្ថិភាព៕
ដោយ៖ សណ្តោស