ភ្នំពេញ៖ រយៈពេលឆមាសទី១ ឆ្នាំ២០១៦ នេះការប្រកាសដាក់លក់ខុនដូមុនគម្រោងមានរហូតដល់ ១៣.៧៣០ ឯកតា (យូនិត) គឺមានការកើនឡើង ៥២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ ដែលការប្រកាសដាក់លក់មានចំនួនត្រឹមតែ១៣.០៥០ឯកតា។ កំណើននៃផ្គត់ផ្គង់ខុនដូរនេះនឹងបន្តឡើងទៀតដែលអ្នកជំនាញបញ្ជាក់ថានឹងអាចឡើងដល់ ៣៧.៥៧០ឯកតានៅឆ្នាំ២០២០។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងទន្ទឹមគ្នានឹងការចេញរបាយការណ៍ «ទីផ្សារខុនដូឆមាសទី១ ឆ្នាំ២០១៦» នៅរាជធានីភ្នំពេញដែលស្រាវជ្រាវដោយអ្នកជំនាញផ្នែកអចលទ្រព្យនៃក្រុមហ៊ុន Century 21 ។ របាយការនេះត្រូវបានធ្វើការប្រកាសកាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ នេះ នៅសណ្ឋាគារឡឹរ៉ូយ៉ាល់។
ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកក្រុមហ៊ុន Century 21 Cambodia លោក គុយ វ៉ាត បានលើកឡើងទាក់ទងនឹងកំណើននេះថា ទំនុកចិត្តទីផ្សារ និងលទ្ធភាពពង្រីកទីផ្សារខុនដូនៅបណ្តាប្រទេសជាដៃគូធ្វើឲ្យអ្នកវិនិយោគលើវិស័យអចលទ្រព្យមានទំនុកចិត្ត និងចាប់អារម្មណ៍មកធ្វើការវិនិយោគនៅកម្ពុជា។ លោកបន្តថា រហូតមកដល់ពេលនេះមានមានគម្រោងអភិវឌ្ឍន៍ខុនដូទាំងសាងសង់ហើយ និងកំពុងសាងសង់ និងមិនទាន់ចាប់ផ្តើមសាងសង់មានសរុបប្រមាណ ១១០គម្រោងស្មើនឹង ១៤៨អគារ និងគិតជាចំនួនប្រមាណ ៣៦.៧៤២ឯកតា។
លោកបន្តថា គិតត្រឹមត្រីមាសទី១នេះមានអគារខុនដូសរុបចំនួន២៤ ត្រូវបានសាងសង់រួចរាល់គឺប្រមាណ ៥.០១៤ឯកតា។ លោកថា នៅចុងឆ្នាំ២០១៦ នេះ ក៏ត្រូវបានគេរំពឹងថានឹងមានគម្រោងមួយចំនួនទៀតត្រូវបានបញ្ចប់ដែលមួយភាគធំគឺបានពីគម្រោងខុនដូ Olympia City ។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong បានបញ្ជាក់ថា បើទោះបីជាតម្រូវការក្នុងទីផ្សារក្នុងស្រុកយឺតក្នុងការសម្រួលដល់ការផ្គត់ផ្គង់ទីផ្សារយ៉ាងច្រើនសន្ធឹកសន្ធាប់នេះក៏ដោយក៏ប្រតិបត្តិការលក់មានកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ ២៧ភាគរយក្នុងអំឡុងពេលពីឆ្នាំ២០០៧ ដល់ឆមាសទី១នៃឆ្នាំ២០១៦ ។ លោកបន្តដែរថា កម្លាំងស្រូបទាញទីផ្សារមធ្យមរួមសម្រាប់ទីផ្សារខុនដូនៅភ្នំពេញគឺ ២,៤ឆ្នាំស្មើនឹង២៩ខែគិតពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ មានន័យថា គម្រោងខុនដូមួយជាមធ្យមត្រូវការពេល ២៩ខែដើម្បីលក់ចេញនូវគម្រោងខុនដូទាំងមូលអស់។
លោកបន្តថា តាមរបាយការណ៍ដែលចេញនៅពេលនេះបានបញ្ជាក់ថាអតិថិជនដែលទិញគម្រោងខុនដូរនៅពេលនេះគឺមានប្រមាណ ៣០ភាគរយជាជនជាតិខ្មែរ និងប្រមាណ ៧០ភាគរយជាជនបរទេស ដែលខុនដូមួយមានតម្លៃចាប់ពី ៧ម៉ឺនដុល្លារអាមេរិកសម្រាប់បន្ទប់មួយ និងចាប់ពី ១៥ម៉ឺនដុល្លារឡើងសម្រាប់ខុនដូមាន២បន្ទប់។
លោកបន្តទៀតថា កម្ពុជាត្រូវការពេលវេលាប្រមាណ ៣០ខែដើម្បីអភិវឌ្ឍន៍ទីផ្សារខុនដូឲ្យមានទីផ្សារល្អ។ លោកថា គម្រោងខុនដូដ៏ល្អនៅកម្ពុជាគឺនៅក្នុងខណ្ឌចម្ការមនគឺតំបន់បឹងកេងកង ប៉ុន្តែគម្រោងខុនដូនឹងរីកខ្លាំងបន្តនៅខណ្ឌទួលគោកនៅពេលដ៏ខ្លីខាងមុខនេះ៕
ដោយ៖ វឌ្ឍនា