ភ្នំពេញ៖ យុវជនជានិស្សិតពេទ្យឆ្នាំទី៥ មួយរូប បានស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម សង្ស័យជាអំពើឃាតកម្មអារ.កសម្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិត្រពាំងល្វា ជិតវត្តអង្គតាមិញ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ពិតជាមានករណីឃាតកម្មនេះមែន ប៉ុន្តែសមត្ថកិច្ចមិនទាន់សន្និដ្ឋានបានថា កើតឡើងដោយសារមូលហេតុអ្វីនោះទេ ខណៈកំពុងចុះពិនិត្យដើម្បីក្ដាប់មុខសញ្ញា។
បើតាមការបញ្ជាក់ឲ្យដឹងពីពូជនរងគ្រោះ យុវជនរូបនេះមានឈ្មោះកែ វុទ្ធី អាយុ២៣ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៥ មុនពេលកើតហេតុគឺរូបគេបានចូលទៅដេកក្នុងបន្ទប់ជួល រួចចាក់សោពីខាងក្នុង ក្រោយមកដោយឃើញនៅក្នុងបន្ទប់យូរ និងសង្ស័យក៏ទៅគោះទ្វារហៅ តែមិនឮសំលេងឆ្លើយក៏នាំគ្នាទៅគាស់ទ្វារ ក៏ឃើញដេកស្លាប់ក្នុងថ្លុកឈាម ទើបមានការឆោឡោហៅអ្នកជិតខាង និងសមត្ថកិច្ចមកពិនិត្យកន្លែងកើតហេតុ។
លោកអធិការបានបញ្ជាក់ថា ករណីនេះបើទោះជាមិនទាន់សន្និដ្ឋានបានជាអំពើឃាតកម្ម ឬមួយយ៉ាងណាក៏ដោយ ប៉ុន្តែកម្លាំងជំនាញបានហៅមនុស្សម្នាក់មកសាកសួរ បន្ទាប់ពីរូបគេបាននៅកន្លែងជាមួយជនរងគ្រោះមុនពេលកើតហេតុ៕
ដោយ៖ ជីម ភារ៉ាដង្កោ