ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ៦គ្រួសា ដែលអះអាងថា បានកាន់កាប់ដីជាង៣០ឆ្នាំ ហើយនោះ បានសូមអន្តរាគមន៍រកយុត្តិធម៌ពីសំណាក់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីអភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងប៉េអឹម និង ប៉ូលីស អោយចុះឃាត់គ្រឿងចក្រ និង រថយន្តដឹកដីដែលរៀបចាក់បំពេញដីរបស់ពួកគាត់ ។
ប្រជាពលរដ្ឋទាំង៦គ្រួសារបានលើកឡើងថា ដីដែលគាត់ហៅគ្រឿងចក្រធ្វើការចាក់បំពេញដីនេះ ពួកគាត់បានកាន់កាប់អស់រយៈពេល៣៦ឆ្នាំមកហើយ និង បានធ្វើរបងដូរជាប់រហូតមក និង មានប្រជាពលរដ្ឋដឹងឭជាសាធារណៈ រហូតមដល់បច្ចុប្បន្ន ។ ហើយការដែលគាត់ចាក់ដីនេះក៍បានសុំការអនុញ្ញាតពីអាជ្ញាធរភូមិ និង សង្កាត់ត្រឹមត្រូវតាមផ្លូវច្បាប់ផងដែរ ។
ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា ដីដែលគាត់ធ្វើការចាក់បំពេញនេះមិនមានពាក់ព័ន្ធនឹងអង្គភាពណានោះទេ ដោយមានគណៈកម្មាធិការមួយ ដែលមានគ្នា៩នាក់ បានបញ្ជាក់ត្រឹមត្រូវ ដែលដីនេះមិនស្ថិតជាដីរបស់រដ្ឋនោះទេ ។ ហើយកន្លងមកប្រជាពរដ្ឋដែលរស់នៅក្នុងតំបន់នេះ បានស្នើសុំធ្វើប័ណ្ណកម្មសិទ្ធចំនួន១៥គ្រួសារ ហើយក្នុងនោះ៩គ្រួសារត្រូវបានគេហៅទៅធ្វើប័ណ្ណកម្មសិទ្ធ ចំណែកឯពួកគាត់៦គ្រួសារ មិនត្រូវបានធ្វើប័ណ្ណកម្មសិទ្ធជូននោះទេ ដោយចោទថា ទាំង៦គ្រួសារនេះអត់ប្រើប្រាស់ ។ ប៉ុន្តែដីនេះក្រោយពីរដ្ឋតម្រូវអោយបង់ពន្ធ គឺប្រជាពលរដ្ឋទាំង៦គ្រួសារនេះបង់ពន្ធជូនរដ្ឋរហូត ។
ប្រជាពលរដ្ឋបានលើកឡើងថា អភិបាលខេត្តមុនៗ មិនដែលមានបញ្ហារឿងដីនោះទេ ចំណែកឯអភិបាលខេត្តក្រោយមានបញ្ហារឿងដីច្រើនណាស់ ហើយចង់បានដីរបស់ពលរដ្ឋនេះយកទៅធ្វើមន្ទីរ ទើបមានរៀងបែបនេះ ។
ប្រជាពលរដ្ឋទាំង៦គ្រួសារនេះ បានអំពាវនាវដល់លោកជា សុផារ៉ា ដែលជារដ្ឋមន្រ្តី ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និង សំណង់ និង សម្តេចនាយករដ្ឋមន្រ្តី មេត្តាជួយផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋទន់ខ្សោយដូចពួកគាត់ផង នៅកំពង់ឆ្នាំងមានរឿងអយុត្តិធម៌រឿងដីនេះ ច្រើនណាស់ សូមថ្នាក់លើជួយពិនិត្យផង ។
ពាក់ព័ន្ធនិងករណីនេះលោក ហ៊ីង ភ័ព្វមិនា អភិបាលរងក្រុងកំពង់ឆ្នាំង បានបញ្ជក់យ៉ាងខ្លីថា ការចុះឃាត់គ្រឿងចក្រ និង រថយន្តដឹកដី ដែលកំពុងចាក់បំពេញដីស្រះនេះ គឺដោយសារតែដីទាំង៦គ្រួសារនេះជាប់ពាក់ព័ន្ធនិងដីរបស់រដ្ឋ ដែលស្ថិតក្នុងការគ្រប់គ្រង់របស់មន្ទីររៀបចំដែនដីរនគររូបនីយកម្មសំណង់ និង សុរិយោដីខេត្តកំពង់ឆ្នាំង ៕
ដោយ៖ ចន្ថា