ខេត្តបាត់ដំបង៖ យ៉ាងហោចមនុស្សក្មេងចាស់ប្រុសស្រីចំនួន៤នាក់បានស្លាប់ និង៧នាក់ទៀត ទទួលរងរបួសធ្ងន់និងស្រាលក្នុងហេតុការណ៍រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង កាលពីវេលា ម៉ោង២និង៤៥នាទីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥៩A ផ្លូវក្រវ៉ាត់ព្រំដែន ត្រង់ចំណុចផ្លូវកោង៣២ ស្ថិតនៅភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងរវាងរថយន្តហ៊ីយ៉ាន់ដាយ២តោនកន្លះពណ៌ស ដឹកស័ង្កសី ពាក់ស្លាកលេខភ្នំពេញ3B-7448 និងរថយន្តម៉ាកឡិចស៊ីសRX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2R-2514 ។
ជុំវិញនៃហេតុការណ៍នេះ បើតាមប្រភពព័ត៌មានពីនគរបាលចរាចរណ៍ស្រុកសំពៅលូន ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីសមីនី300 ដែលជារថយន្ត តាក់ស៊ីដឹកអ្នកធ្វើដំណើរចេញពីខេត្តបន្ទាយមានជ័យ ដើម្បីទៅខេត្តប៉ៃលិន ក្នុងទិសដៅពីជើងទៅត្បូង ដឹកផ្ទុកមនុស្សក្មេងចាស់ចំនួន១២នាក់។ លុះរថយន្តឡិចស៊ីសមីនីធ្វើដំណើរមកដល់ ចំណុចខាងលើជាចំណុចផ្លូវកោង ស្រាប់តែគេឃើញរថយន្តហ៊ីយ៉ាន់ដាយ២តោនកន្លះធ្វើ ដំណើរច្រាសទិសគ្នាបើកយ៉ាងលឿនពីត្បូងមកជើងក្នុងស្ថានភាពដែលមានភ្លៀងធ្លាក់ទៀត
ផង។ នៅពេលនោះរថយន្តហ៊ីយ៉ានដាយជារថយន្តបង្ករបានបើកកាច់ចង្កូតជ្រុលចូលក្នុងគន្លងផ្លូវរថយន្តឡិចស៊ីសហើយក៏បុករថយន្តឡិចស៊ីសចំពីមុខចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឱ្យអ្នកបើករថយន្តឡិចស៊ីស និងស្រ្តីម្នាក់ទៀតអង្គុយអែបជាមួយអ្នកបើករថយន្តឡិច
ស៊ីសនោះ ត្រូវបុកជាប់នៅក្នុងរថយន្តស្លាប់ទាំង២នាក់និងក្មេងតូចៗ២នាក់ទៀតក៏ស្លាប់នោះផងដែរ។ ចំណែក៧នាក់ទៀតទទួលរងរបួសធ្ងន់និងស្រាល នៅក្នុងរថយន្តឡិចស៊ីសគឺមានតែក្មេងតូចម្នាក់ប៉ុណ្ណោះគេចផុតពីគ្រោះថ្នាក់។ក្រោយពីកើតហេតុភ្លាម គេឃើញអ្នកបើករថយន្តបង្ករបានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។នៅពេលនោះសមត្ថកិច្ចនិងប្រជាពលរដ្ឋក៏នាំគ្នាគាស់រថយន្តចាប់ទាញអ្នកស្លាប់ និងអ្នករងបួសដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន។
បើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ជនរងគ្រោះដែលបាត់បង់ជីវិតត្រូវបាន គេស្គាល់ឈ្មោះ ១,លាង សីហា ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកបើករថយន្ត ២,ជ្រុយ ចិន្តា ភេទ ស្រី អាយុ២៩ឆ្នាំ ជនរងគ្រោះទាំង២នាក់រស់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងកុមារតូច២នាក់ទៀត រស់នៅក្នុងស្រុកសាលាក្រៅនោះផងដែរ។ចំណែកអ្នករងរបួស ទាំង៧នាក់មានឈ្មោះ ១,សៀក គឹមហាន ភេទស្រីអាយុ៤៩ឆ្នាំ ២,ធី គឹមរ៉ុង ភេទស្រី អាយុ២៥ឆ្នាំ ៣,ចាន់ ឃាង ភេទស្រីអាយុ៣០ឆ្នាំ ៤,ជួត សារដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ៥,ជួត សារី ភេទ ស្រី អាយុ២២ឆ្នាំ ៦,ជួត សាវ័ន្ត ភេទប្រុស អាយុ១៦ឆ្នាំ និង៧,ជួត សុខុម ភេទស្រី អាយុ២៧ ឆ្នាំ ជនរងគ្រោះទាំង៧នាក់រស់នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ស្រុកសំពៅលូនបញ្ជាក់ឱ្យដឹងទៀតថា មូលហេតុ កើតឡើងគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបង្ករឡើងដោយរថយន្តហ៊ីយ៉ាន់ដាយបើកល្បឿន លឿនមិនឃើញឧបសគ្គនៅខាងមុខ។បច្ចុប្បន្នរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីទុកចាត់ការតាមផ្លូវច្បាប់ ចំណែកអ្នកបើករថយន្តបង្ករសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕សំ វិច្ឆិកា