តើជា​ភ្នាក់ងារការ​ពារសិទ្ធិមនុស្ស ឬជា​ភ្នាក់ងាររំលោភសិទ្ធិមនុស្ស?

ចែករំលែក៖

នៅ​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅ​​នេះ ការិយាល័យឧត្ដម​ស្នងការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​សិទ្ធិមនុស្ស ​ប្រចំានៅកម្ពុជា​​ តាមរយៈអ្នកនំាពាក្យ ​បានថ្លែង​ «ថ្កោលស្ថាប័ន​ជាតិ​នីតិបញ្ញត្ដិ និង​តុលាការ កម្ពុជា​» ដែល​​​ជា​រដ្ឋអធិបតេយ្យមួយ ​ក្នុង​ចំណោម​រដ្ឋសមាជិក​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ​​ ដែលយើង​សូម​បែងចែក​នៃ​ការថ្លែងនេះ​ជាពីរសាច់រឿង និង​សូម​ធ្វើ​ការ​​អធិប្បាយដូចខាងក្រោម​៖

​ទី១) ភ្នាក់ងារ អ.ស.ប. មួយ​នេះ​បាន​ «លើកកម្ពស់​​និទ្ទ​ណ្ឌភាព» ​ខណៈដែលតុលាការ​កម្ពុជា​​បាន​ដំណើរ​ការ​ សម្រេច​​ផ្ដទ្ទាទោស​ និងកាត់ទោស​ជន​ជាប់ចោទ​៣រូប ដែល​ជា​មន្រ្ដី​គណ​បក្ស​សង្រ្គោះ​ជាតិ​ ឲ្យជាប់ពន្ធនាគារ​២០ឆ្នាំ និងសកម្មជន​៨រូបទៀត ​ឲ្យជាប់​ពន្ធនាគារ​៧ឆ្នាំ ដោយបាន​ចោទ​​ពី​បទ​ «បង្ក​ចលនា​បំបះ​បំបោរ»​ ប្រើអំពើហិង្សា​ យកដំបងដែក​ធ្វើជាអាវុធ​ វាយ​ប្រហារ​ទៅ​លើកង​សន្ដិសុខ ដែល​កំពុង​ការពារ​សណ្ដាប់ធ្នាប់​សាធារណៈ​នៅទីលាន​ប្រជាធិប​តេយ្យ​ កាលពី​ថ្ងៃទី១៥​ ខែកក្កដា ឆ្នាំ២០១៤​ បណ្ដាល​ឲ្យរបួស​ធ្ងន់ និងស្រាល​ចំនួន៣៩នាក់។​

ទី២)​ ភ្នាក់ងារ អ.ស.ប. នេះ​បានលើកកម្ពស់ភាព​ «អនាធិបតេយ្យ»ដោយ​បាន​​ថ្កោល​សភាកម្ពុជាទំាង​ពីរ​ គឺ រដ្ឋសភា និងព្រឹទ្ធសភា​ ដែលបាន​សម្រេច​អនុម័តសេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី សមាគម និងអង្គការ​មិនមែនរដ្ឋាភិបាល (LANGO)​ ដែល​កម្ពុជា​មាន​សុឆន្ទៈចង់​ពង្រឹង​ផ្នែក​​នីតិរដ្ឋ លើក​កំព​ស់​លទ្ធិប្រជាធិបតេយ្យ សេរីភាព និងតម្លាភាព​។​

ក្នុងន័យនេះ​ ប្រជាពលរដ្ឋខ្មែរ​មានការ​ងឿងឆ្ងល់​ជាទីបំផុត​ គេចោទ​សួរថា ហេតុអ្វីដែល​ខ្លួន​ជាភ្នាក់ងារ ​អ.ស.ប.​ សោះ មាន​កាតព្វកិច្ច​ជួយលើក​កម្ពស់​សិទ្ធិមនុស្ស​នៅកម្ពុជា​ បែរ​ជា​មក​បន្ទាប​បន្ថោក​សិទ្ធិ​អ្នករងគ្រោះ​ ដែលត្រូវ​ពួកសកម្មជន​របស់​បក្សប្រឆំាង​ ​វាយ​ប្រហារ​​​បណ្តាល​ឲ្យ​​មាន​របួស​ធ្ងន់​​ ខ្លះ​សន្លប់បាត់​ស្មារតី​ ឈាមហូរ​រហាម​ជោគ​​ក្បាល​ ​ហើយនៅតែបន្ដវាយពួក​គេ​ដោយ​គ្មានត្រាប្រណី​ទៀត​។

តើនេះ​ពុំបាន​ន័យថា​ ស្ថាប័ន អ.ស.ប. ​​មួយនេះ​ មកដាក់ការិយាល័យ​នៅកម្ពុជាដើម្បី​គំាពារ​ជនក្បាលខូច ជនសាហាវ​យង់​ឃ្នង់​ទេឬអី?​ តើនេះ​មិនបាន​ន័យថា​ ភ្នាក់ងារ ​អ.ស.ប. ដែល​មក​បោះ​ទីតំាង​នៅ​លើទឹកដី​កម្ពុជា​មិនគឺ​​ដើម្បី​គំាពារ​បក្សប្រឆំាង​ទេឬអី?​ ម្យ៉ាងទៀត ចំពោះការ​រំលោភ​វិសាលភាព​​​របស់​​តុលាការ មិនបាន​ន័យថា​ អង្គការ​មួយនេះ​ រំលោភ​លើ​អធិបតេយ្យយុត្ដា​ធិការ​របស់​តុលាការ​កម្ពុជា​ទេឬអី​? 

ក្នុងបរិការ​នេះ​ យើងសូមសួរ​ថា​ តើ​ភ្នាក់ងារ អ.ស.ប. នេះ ​មានដែលបើក​ភ្នែក​មើល​​ការ​កាត់​ទោស​នៅ​ប្រទេស​អេហ្ស៊ីប កាលពី​ឆ្នាំ​ទៅម៉ិញ គឺ​បាន​កាត់​​ប្រហារ​ជីវិត​ពួក​​បាតុករ​​ចុង​ចោទ​ ​​ចំ​នួន៥២៩រូប ខណៈ​ដែល​​បាន​ធ្វើ​ឲ្យ​ប៉ូលីស​ម្នាក់​បានបាត់បង់ជីវិត ក្នុងពេល​បាតុករ​ប្រ​ទ្រូស​ប្រទ្រាស​គ្នា​ជា​មួយ​កង​កម្លាំង​សន្តិសុខ។ ប្រទេសមហារបប​ប្រជាធិបតេយ្យ​ជា​ច្រើន ពិសេស​លោក​ខាងលេច ​ស្ងាត់​មាត់ចឺន?

ភាពធ្ងន់ធ្ងរ​​មួយទៀត ការរំលោភ​​លើអធិបតេយ្យ​នៃ​អំណាច​​នីតិប្រតិបត្ដិ​ ​ យើងសូម​សូរ​​អ្នកនំាពាក្យរូបនេះ​ ​ថា ការ​​អនុម័ត​សេចក្ដី​ព្រាងច្បាប់​របស់​ប្រទេស​ណាមួយ​ តើរដ្ឋ​អធិបតេយ្យ​ចំាបាច់សួរ ឬ​សុំយោបល់​ពី​ពួកខ្លួន​ ឬ​ពីអង្គការ ​«NGO» ដែរឬទេ? ​ធ្វើ​ច្បាប់​​មួយ​ដើម្បី​ត្រួតត្រា​ ពួ​កខ្លួន តើគេ​ចំបាច់​ឲ្យ​ពួក​ខ្លួន​ឆ្លងកាត់​មហាសាគរពីបរទេស​មក​សួរ​យោបល់ដែរឬទេ?​ តើ​ភ្នាក់ងារ អ.ស.ប.​មួយនេះ មានបាន​រាយគ្នា​ដាក់​​ការិយា​ល័យ ដើម្បី​ត្រួតពិនិត្យច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការមិនមែនរដ្ឋាភិបាល​ នៅប្រទេសបារំាង សហរដ្ឋ​អាមេរិក អាល្លីម៉ង់ អ៊ីតាលី ចក្រភពអង់គ្លេស អេស្បាញ អេហ្ស៊ីប អូស្រ្ដាលី ជប៉ុន សិង្គបុរី ។ល។ ដែរ​ឬទេ?​

នរណាក៏ដឹងដែរថា​ ប្រទេស​ដែលយើងបាន​រៀបរាប់​នេះ គឺមានច្បាប់គ្រប់គ្រង​យ៉ាង​ច្បាស់​លាស់​ និ​ងតម្លាភាព ​គឺមុនពួកខ្លួន​បង្កើតសមាគម​ ឬអង្គការមិនមែនរដ្ឋាភិបាល យើងសូម​សួរថា​ តើអង្គការ ឬ​សមាគម​ទំាងអស់​នៅក្នុង​ប្រទេស​នោះនោះ មានដែលបានតស៊ូមតិប្រឆំាងនឹងច្បាប់​តម្រូវ​ឲ្យ​បំ​ពេញបែប​បទ​យ៉ាង​នេះ​ ឬបែប​បទ​យ៉ាង​នោះ​ដែរ​ឬ​ទេ? ជាការពិតណាស់រាល់ការលាក់កំបំាងនូវ​ព័ត៌មាន​ ឯកសារសំខាន់​ៗ ពីសកម្មភាព​ពាក់ព័ន្ធ​ និងថវិកា​ត្រូវទទួលការផ្ដទ្ទាទោស​ ។​

...

ជាសរុបយើងយល់ថា​ អ្វី​ដែលបានអ​ធិប្បាយ​មក​ខាងលើ​​ គឺ ការិយាល័យឧត្ដមស្នងការ​សហប្រជាជាតិប្រចំាកម្ពុជា កំពុងរំលោភសិទ្ធិជនរងគ្រោះ និងអធិបតេយ្យរបស់​ប្រទេសមួយ​ដែលជា​រដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ ពុំអាចប្រកែកបានទ្បើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print